បច្ចេកវិទ្យា

ប្រទេសចិន រៀបចំផែនថ្មីនៅពេលសង្រ្គាមបន្ទះឈីបនៅបន្ត

ចិន៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ជាផ្លូវការបានប្រាប់ឲ្យដឹងថា ប្រទេសចិនគ្រោងនឹងចាប់ផ្តើមដាក់កំហិតលើការនាំចេញសម្ភារៈសំខាន់ចំនួន ២ ទៅកាន់ឧស្សាហកម្មវត្ថុធាតុដើម ខណៈ សង្រ្គាមបន្ទះឈីបជាមួយសហរដ្ឋអាមេរិក កាន់តែក្តៅកគុកនៅដដែល។

ក្រោមការគ្រប់គ្រងថ្មី អាជ្ញាបណ្ណពិសេសនឹងត្រូវការជាចាំបាច់ ដើម្បីនាំចេញហ្គាលលីម និងហ្គេម៉ាញ៉ូមពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២របស់ពិភពលោក ហើយសមា្ភរៈត្រូវបានប្រើដើម្បីផលិតបន្ទះសៀគ្វី និងមានកម្មវិធីយោធា។

ការទប់ស្កាត់នេះកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានខិតខំប្រឹងប្រែងដើម្បីកំណត់ការចូលប្រើប្រាស់របស់ទីក្រុងប៉េកាំងចំពោះបច្ចេកវិទ្យា Microprocessor កម្រិតខ្ពស់។
នេះបើយោងតាមស្ថាប័នឧស្សាហកម្ម Critical Raw Materials Alliance (CRMA) បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសចិន គឺជាអ្នកលេងដ៏ធំបំផុតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃហ្គាលីយ៉ូម និងហ្គេម៉ាញ៉ូម។ វាផលិត ៨០ ភាគរយនៃហ្គាលីយ៉ូមរបស់ពិភពលោក និង ៦០ភាគរយនៃហ្គេម៉ាញ៉ូម ។

សមា្ភរៈ គឺជាលោហធាតុតិចតួច មានន័យថា ពួកវាមិនត្រូវបានរកឃើញដោយខ្លួនឯងនៅក្នុងធម្មជាតិទេ ហើយជារឿយៗជាលទ្ធផលនៃដំណើរការផ្សេងទៀត។

ក្រៅពីសហរដ្ឋអាមេរិក ទាំងជប៉ុន និងហូឡង់ ដែលជាផ្ទះសម្រាប់ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបសំខាន់ៗ ASML បានដាក់ការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាបន្ទះឈីបលើប្រទេសចិន។ លោក Colin Hamilton មកពីក្រុមហ៊ុនវិនិយោគ BMO Capital Markets បានប្រាប់ BBC ថា ពេលវេលា នៃការប្រកាសនេះពីប្រទេសចិនគឺមិនចៃដន្យទេ ដោយសារការរឹតបន្តឹងលើការនាំចេញបន្ទះឈីបដែលបានប្រកាសដោយប្រទេសហូឡង់ក្នុងចំណោមប្រទេសដទៃទៀត។

លោកបានបន្ថែមថា សាមញ្ញណាស់ ប្រសិនបើអ្នកមិនផ្តល់ឲ្យយើងនូវបន្ទះសៀគ្វីទេ យើងនឹងមិនផ្តល់ឲ្យអ្នកនូវសម្ភារៈសម្រាប់ផលិតបន្ទះសៀគ្វីទាំងនោះឡើយ។ ភាពជាប់គាំងឥតឈប់ឈររវាងប្រទេស មានសេដ្ឋកិច្ចធំជាងគេទាំង ២ បានធ្វើឲ្យមានការព្រួយបារម្ភអំពីការកើនឡើង នៃអ្វីដែលគេហៅថា ជាតិនិយមធនធាន នៅពេលរដ្ឋាភិបាលប្រមូលសម្ភារៈសំខាន់ៗដើម្បីបញ្ចេញឥទ្ធិពលលើប្រទេសដទៃទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top