អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកយក្ស Meta Platforms បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបិទការចូលប្រើមាតិកាព័ត៌មានណាមួយនៅលើ Instagram និង Facebook សម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅប្រទេសកាណាដា ដើម្បីអនុលោមតាមច្បាប់ដែលបានអនុម័តនាពេលថ្មីៗនេះ តម្រូវឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបង់ប្រាក់ចំណែកដោយយុត្តិធម៌ដល់ស្ថាប័នព័ត៌មាន យោងតាមការចេញផ្សាយពីគេហទំព័រ RT។
សេចក្តីថ្លែងការណ៍មួយបានចេញផ្សាយកាលពីថ្ងៃអង្គារ Meta បាននិយាយថា មានប្រសិទ្ធភាពភ្លាមៗ តំណភ្ជាប់ និងខ្លឹមសារចេញផ្សាយដោយសារព័ត៌មានកាណាដា និងអន្តរជាតិនៅលើកម្មវិធីរបស់ Meta នឹងមិនអាចមើលបានដោយអ្នកប្រើប្រាស់នៅប្រទេសកាណាដាទៀតទេ។
លើសពីនេះ ជនជាតិកាណាដានឹងមិនអាចចែករម្លែកខ្លឹមសារព័ត៌មានណាមួយនៅលើ Facebook ឬ Instagram បានទេ រួមទាំងអត្ថបទ និងខ្លឹមសាររូបភាពដែលបង្ហោះដោយសារព័ត៌មាននានា។
Meta បាននិយាយថា ការផ្លាស់ប្តូរទាំងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អ្វីដែលហៅថា ច្បាប់ព័ត៌មានអនឡាញ ត្រូវបានអនុម័តដោយសភាកាណាដាកាលខែមិថុនា បង្ខំឲ្យវេទិកាដូចជា Google និង Meta ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងអ្នកផ្សាយព័ត៌មានកាណាដាសម្រាប់មាតិការបស់ពួកគេ។
អ្នកតាក់តែងច្បាប់អះអាងថា ច្បាប់នេះមានគោលបំណងគាំទ្រដល់និរន្តរភាព នៃស្ថាប័នព័ត៌មានដោយធ្វើនិយតកម្មអន្តរការីព័ត៌មានឌីជីថល ក្នុងគោលបំណងបង្កើនភាពយុត្តិធម៌ នៅក្នុងទីផ្សារព័ត៌មានឌីជីថលកាណាដា។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដោយ Meta បានប្រកែកថា វាបង្ហាញភាពខុសឆ្គងចំពោះតម្លៃព័ត៌មានទទួលបាននៅពេលជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ដោយ៖លី ភីលីព