បច្ចេកវិទ្យា

ការពិតទៅ! រថយន្ត Toyota ដែល​ទើបចេញ​ស៊េរីក្រោយៗ​នេះ គឺ​ដើមឡើយ​សុទ្ធតែ​ជា Concept រថយន្ត​អគ្គិសនី ​ឯណោះ​វិញទេ

ក្រុមហ៊ុន Toyota ទើបតែបាន​ប្រកាស ​ចេញ​រថយន្ត​ស៊េរី​ឆ្នាំ២០២៤ របស់ខ្លួន​មួយ​ម៉ូឌែល​ទៀតហើយ​ គឺ​ម៉ូឌែល Land Cruiser ដែលបាន​កែរូបរាងថ្មី​ទាំងស្រុង។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យកត់សម្គាល់​បំផុត​នោះ រូបរាង​របស់​រថយន្ត​ Land Cruiser ឆ្នាំ​២០២៤នេះ គឺ​ស្រដៀង​នឹងរូបគំរូ (Concept) រថយន្តអគ្គិសនីមួយ​ដែល Toyota បាន​បង្ហាញ​ចេញ​កាលពីចុងឆ្នាំ២០២១ ដែល​វាមានឈ្មោះថា Toyota Compact Cruiser EV។

យ៉ាងណាមិញ វាពុំមែន​ជាលើកទីមួយ​ទេ ដែល Toyota យក Concept រថយន្តអគ្គិសនីអនាគត​ មកដាក់​លើ​ Land Cruiser 2024 ដែលប្រើម៉ាស៊ីនសាំង Hybrid នេះ ពោលគឺ​ កាលពីប៉ុន្មានខែមុន Toyota ក៏បាន​បញ្ចេញ​រថយន្ត​ស៊េរីឆ្នាំ​២០២៤ ២ម៉ូឌែលទៀត ដែល​សុទ្ធតែមានរូបរាងដូច Concept រថយន្តអគ្គិសនី​ផងដែរ ។

កាលពីខែ​មិថុនា Toyota បាន​បញ្ចេញផ្លូវការរថយន្ត​ C-HR 2024 នៅតំបន់អឺរ៉ុប ប្រើម៉ាស៊ីន Plug-in Hybrid។ រូបរាងរបស់វា គឺ​ដូចហ្នឹង Concept រថយន្ត​អគ្គិសនី Toyota bZ Compact SUV។

ជាមួយគ្នានោះ កាលពីខែ​ឧសភា Toyota ក៏​បាន​បញ្ចេញ​រថយន្ត​ភីកអាប់ថ្មី​ គឺ Tacoma 2024 ដែល​មាន​ជម្រើស​ប្រើ Hybrid ផងដែរ។ រូបរាង​រថយន្តនេះ ​គឺដូចខ្លាំងណាស់​នឹង​ Concept រថយន្ត Toyota Pickup EV។

សូម​រំលឹកថា កាលពី​ខែធ្នូឆ្នាំ២០២១ ក្រុមហ៊ុន Toyota និង Lexus បាន​រួមគ្នា​បង្កើតព្រឹត្តិកាណ៍​ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដោយការ​បញ្ចេញ​រថយន្ត​អគ្គិសនី​សម្រាប់អនាគត ១៥ម៉ូដែលតែម្តង ដែល​ជាប្រភេទ sedan, SUV, ភីកអាប់ វែន និងស្ព័រ។ ប៉ុន្តែ​តាមរយៈ​ការបញ្ចេញរថយន្ត​ស៊េរីឆ្នាំ​២០២៤ ពីរបីម៉ូឌែល​ចុងក្រោយនេះ យើងអាចសន្និដ្ឋានបានថា Toyota នៅមិនទាន់​ហ៊ានលូកចូលជ្រៅ​ក្នុងការផលិត​រថយន្ត​អគ្គិសនី​នៅឡើយទេ ពោលគឺ​ រូប Concept រថយន្ត​ទាំងនេះ នឹង​ត្រូវ​បម្លែងទៅ​ជារថយន្ត​ Hybrid ឬ Plug-in Hybrid វិញ​ម្តងមួយៗ​ជាក់ជាមិនខាន៕

Most Popular

To Top