ទីផ្សារស្មាតហ្វូនសាកលបានធ្លាក់ចុះ ៨% នៅត្រីមាសទី៣ ឆ្នាំ២០២៣ ដោយវាជាចំនួនធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេល ១ទសវត្សរ៍មកនេះ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Counterpoint Research។
ប្រេនស្មាតហ្វូនធំៗចំនួន៥ ដែលមានដូចជា Apple, Samsung, Xiaomi, OPPO និង vivo សុទ្ធតែបានធ្លាក់ចុះ។ ក្នុងនោះ Samsung បានធ្លាក់ចុះការលក់ដល់ ១៣% ឯណោះ។ ចំណែក Apple ដែលទើបបញ្ចេញ iPhone 15 វិញ ក៏មិនទាន់សមប្រកបដែរ ពោលគឺ iPhone ស៊េរីថ្មីនេះ លក់មិនបានច្រើន ដូច iPhone 14 នៅប្រទេសចិន ក្នុងរយៈពេល ១៧ថ្ងៃដំបូងផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុនស្រាវជ្រាវលំដាប់ពិភពលោកមួយនេះ បានបង្ហាញក្តីរំពឹងថា iPhone 15 នឹងអាចជួយស្រោចស្រង់ទីផ្សារស្មាតហ្វូនឱ្យបានកើនឡើងវិញ នៅទីផ្សារអាមេរិក អឺរ៉ុប និងកូរ៉េ បើទោះជាជួបការលំបាកនៅទីផ្សារចិនក៏ដោយ បន្ទាប់ពីឃើញភាពខ្លាំងនៃការលក់ក្នុងខែកញ្ញាកន្លងទៅ។
គួរកត់សម្គាល់ថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ Apple បានជួបឧបសគ្គនៃការលក់ iPhone 15 នៅប្រទេសចិន ដោយសារតែវត្តមានរបស់ Huawei Mate 60 Pro ជាស្មាតហ្វូនដែលបំពាក់ឈីបផលិតក្នុងស្រុក ហើយអាចភ្ជាប់ជាមួយផ្កាយរណបបានទៀតផង៕
ប្រភព៖ sabay