ក្នុងព្រឹត្តិការណ៍ពិព័រណ៍យានយន្ត Japan Mobility Show នៅចុងខែតុលានេះ ក្រុមហ៊ុន Toyota នឹងដាក់បង្ហាញ Concept រថយន្តអគ្គិសនី ២ម៉ូឌែល គឺ Land Cruiser Se ដែលជាប្រភេទ SUV កៅអី៣ជួរ និង Toyota EPU ដែលជាប្រភេទភីកអាប់ធុនកណ្តាល។
តាមរយៈរូបភាពដែលត្រូវបានបង្ហាញពីរថយន្ត Toyota Land Cruiser Se គេឃើញថា វាត្រូវបានឌីហ្សាញជារាងជ្រុងៗបែបអនាគតតែម្តង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ផ្នែកខាងមុខគឺសឹងតែគ្របដណ្តប់ដោយប៉ាណាបិទជិត ចង្កៀងរាងស្លីម និងមានឡូហ្គូ Toyota នៅចំកណ្តាល។ ឯផ្នែកខាងក្រោយកាន់តែទាក់ទាញខ្លាំង គឺចង្កៀងជាប្រភេទ LED light bar រាងស្លីមបំផុតដែលមិនធ្លាប់មាន និងតែមផុស Toyota។
រថយន្ត SUV នេះ មានប្រវែង ៥១៥០មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣០៥០មម។ ដូច្នេះប្រវែងនេះ គឺវែងជាង Toyota Grand Highlander ទៅទៀត។ យ៉ាងណាមិញ ផ្នែកខាងក្នុង និងSpec លម្អិតរបស់រថយន្ត មិនត្រូវបង្ហាញឡើយ។
ចំណែករថយន្តភីកអាប់អគ្គិសនី EPU វិញ ត្រូវបានគេរំពឹងថា វានឹងក្លាយជាគូប្រជែងរបស់ Ford Maverick ប៉ុន្តែវាខ្លីជាង Tacoma បន្តិច។ Concept រថយន្តនេះ ក៏ត្រូវបានឌីហ្សាញជាបែបជ្រុងដែរ និងខុសប្លែកពី Concept ភីកអាប់អគ្គិសនីមួយដែល Toyota បានបញ្ចេញកាលពី២ឆ្នាំមុន។ ជាមួយគ្នានេះ Toyota បានអះអាងថា ការបង្ហាញចេញភីកអាប់អគ្គិសនីនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បន្ទាប់ពីទទួលបានជោគជ័យនៃរថយន្ត Hilux មក។
ចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់រថយន្តអគ្គិសនី EPU នេះ គឺផ្នែកកាប៊ីន ដែលដៃចង្កូតត្រូវបានឌីហ្សាញជាបែប steering yoke ដូច Lexus RZ ដែរ ហើយតាបឡូធ្វើជាពីរជាន់ ដែលមានអេក្រង់ធំៗពីរ។ ចំពោះព័ត៌មានផ្សេងៗទៀតរបស់រថយន្ត ក៏ Toyota មិនទាន់បញ្ជាក់លម្អិតដែរ៕