បច្ចេកវិទ្យា

ខំរើចេញពីចិន ទៅ​ឥណ្ឌា! តែ​ឥឡូវការផលិត iPhone នៅឥណ្ឌា​ក៏ត្រូវផ្អាកទៀត

​ក្រុមហ៊ុន Foxconn និង Pegatron របស់តៃវ៉ាន់ បាន​ផ្អាក​ផលិតកម្ម​ iPhone របស់ Apple នៅ​រោងចក្រ​របស់​ខ្លួន​នៅ​ក្រុង Chennai រដ្ឋ​ Tamil Nadu ប្រទេស​ឥណ្ឌា ដោយ​សារមានភ្លៀងធ្លាក់ខ្លាំងពេក។

ទីក្រុងដែល​ជាជម្រុក​នៃការផលិត​គ្រឿងអេឡិចត្រូនិច​ធំៗនេះ បាន​ទទួលរងពីព្យុះស៊ីក្លូន​ Michaung ដ៏ខ្លាំង ហើយមកដល់ពេលនេះ មាន​មនុស្ស២នាក់ហើយ​បានស្លាប់។

ក្រុមហ៊ុន Foxconn មិនទាន់សម្រេចចិត្តទេថា នឹង​បន្តផលិតកម្ម iPhone ក្នុងរោងចក្រ​របស់ខ្លួន​ដែលមាន​កម្មករប្រមាណ ៣ម៉ឺន ៥ពាន់នាក់នោះ នៅពេល​ណានោះទេ។ ដោយឡែក​ចំពោះក្រុមហ៊ុន Pegatron វិញ នេះគឺជាលើកទី២ហើយ​ដែល​ខ្លួន​បានបិទរោងចក្រ​ ដោយកាលពីខែកញ្ញាកន្លងទៅ​ រោងចក្រ​ដំឡើង iPhone របស់ខ្លួន បាន​ជួបគ្រោះអគ្គិភ័យ។

គួរដឹងថា ​Foxconn បាន​ពង្រីកវត្តមាន​រោងចក្រ​របស់ខ្លួន​ចូលកាន់តែរដ្ឋភាគ​ខាងត្បូងឥណ្ឌានេះ ខណៈដែល Apple កំពុងបង្វែរផលិតកម្មមួយចំនួន​ចេញពីប្រទេសចិន។

ក្នុងត្រីមាសកន្លងទៅ Apple បាន​កត់ត្រា​ការ​ដឹកជញ្ជូន iPhone ចេញពីប្រទេសឥណ្ឌា ដែលមានចំនួនខ្ពស់បំផុតជាង ២,៥លានគ្រឿងឯណោះ។ នេះបើយោងតាមទិន្នន័យពី​ក្រុមហ៊ុន Counterpoint Research៕

Most Popular

To Top