បច្ចេកវិទ្យា

រថយន្ត​ Toyota ដែលប្រើសាំងសុទ្ធ បន្តអស់ជីវិត​ ១ម៉ូឌែល​ទៀតហើយ

ក្រុមហ៊ុន Toyota បាន​ប្រកាស​បញ្ឈប់​ការ ផលិត​រថយន្ត Yaris Cross ដែលមានជម្រើសប្រើសាំងសុទ្ធ ទៀត​ហើយ ត្រឹមចុងឆ្នាំ​២០២៣នេះ ដោយ​បន្សល់តែ​ជម្រើស Hybrid មួយគត់ ។

ការសម្រេច​នេះ បាន​ធ្វើ​ឱ្យ​ Yaris Cross ក្លាយ​ជាម៉ូឌែល​រថយន្ត Toyota ទី៣ ដែល​លែងមាន​ជម្រើសប្រើសាំងសុទ្ធ បន្ទាប់ពីម៉ូឌែល​ C-HR និង Camry ហើយ​នេះ​មិនរាប់បញ្ចូល​ម៉ូឌែល Prius ឡើយ។

ក្រុមហ៊ុន Toyota នឹង​បញ្ឈប់ការផលិតរថយន្ត Yaris Cross ដែលប្រើសាំងសុទ្ធ​ត្រឹម​ចុងខែធ្នូខាងមុខនេះ ដោយ​សារតែ​តម្រូវការច្រើន​លើសលប់​ទៅលើ​ជម្រើស Hybrid ជាងជម្រើសប្រើសាំងសុទ្ធ នៅទូទាំងពិភពលោក។

បើតាម​ស្ថិតិ​ក្នុងឆ្នាំ​២០២២ បង្ហាញ​ថា រាល់ការលក់ Toyota Yaris Cross ចំនួន៤គ្រឿង​នៅលើ​ទីផ្សារ ក្នុងនោះ​ ៣គ្រឿងហើយ​គឺ​ជាជម្រើស Hybrid ដែលស្មើនឹង ៧៥%។

សូមរំលឹក​ថា កាលពីខែមុន ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្ត Sedan ដ៏មហាល្បីល្បាញ​ និងលក់ដាច់បំផុតគឺ Camry 2025 ជំនានទី៩ ដែល​បានកែរាងថ្មីទាំងស្រុង។ ប៉ុន្តែអ្វីដែល​គួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺវា​មកតែជាមួយជម្រើសប្រើ Hybrid តែមួយ​ប៉ុណ្ណោះ។ ពេលនោះ Toyota បានបញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់ខ្លួន​ដែលនាំយកតែ​ម៉ាស៊ីន Hybrid មកដាក់លើ Camry 2025 នេះ គឺ​បង្ហាញ​ថា ជាការ​ព្រមទទួលយក​បច្ចេកវិទ្យានេះ​មកប្រើ ក្នុងអំឡុងពេល​ប្រេងសាំងឡើងថ្លៃ ហើយ​ក្រុមហ៊ុន​ក៏បាន​ដឹងពី​អារម្មណ៍​អតិថិជន ​ដែល​ត្រៀមខ្លួនទទួលយកម៉ាស៊ីន Hybrid ដែលបំពាក់​លើ​រថយន្ត Sedan ស៊េរីថ្មីនេះដែរ ៕

Most Popular

To Top