នៅក្នុងយុគ សម័យ បច្ចេកវិទ្យាឌីជីថល និង វិវឌ្ឍន៍ទៅកាន់ AI ឆាប់ៗ ឧបករណ៍ទំនើបៗ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីជួយសម្រួល ដល់ការរស់នៅប្រចាំថ្ងៃ របស់មនុស្សឱ្យកាន់តែងាយ ស្រួលជាងមុន ។

តួយ៉ាងនៅពេលថ្មីៗនេះ មានក្រុមហ៊ុនមួយ បានបង្កើ់តវ៉ែនតា វៃឆ្លាត ដោយមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា AI ដើម្បីជួយឱ្យវ៉ែនតានេះ កាន់តែមានមុខងារសម្បូរបែប និងទំនើប ។ វ៉ែនតា AI នេះ មានឈ្មោះថា Frame ហើយវាត្រូវបានបង្កើតឡើងដោយ Brilliant Labs ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា Start-Up មួយ ។

វ៉ែនតា Smart Glasses នេះ មានមុខងារសំខាន់ៗដូចជា ការប្រើ AI ដើម្បីបកប្រែភាសា មុខងារ ស្វែករកនៅលើគេហទំព័រ និង មុខងារវិភាគបែប Visual នៅនឹងភ្នែកតែម្តង។ តាមការបង្ហាញនៅក្នុងវីដេអូបង្ហោះដោយ Brilliant Labs បានបង្ហាញឱ្យឃើញថា យើងអាចប្រើសំឡេង ដើម្បីបញ្ជាវ៉ែនតាឱ្យធ្វើការ ពណ៌នាវត្ថុ ឫ ទីតាំងមួយ ដែលយើងកំពុងសម្លឹងមើល និង ស្វែករកព័ត៌មាននៅលើអ៊ិនធឺណែត និងកាន់តែពិសេស ជាងនេះទៀតនោះ គឺមុខងារមួយ ដែលអាច ដឹងពីគ្រឿងផ្សំ នៅក្នុងអាហារដែលយើងកំពុងរៀបនឹងហូបថែមទៀតផង ។ រាល់ព៍ត៌មានទាំងនោះ នឹងបង្ហាញចេញនៅនឹង មុខយើងតែម្តង។

ចំពោះតម្លៃរបស់វ៉ែនតាវៃឆ្លាត Smart Glasses AI នេះ វាត្រូវបានដាក់លក់នៅក្នុងតម្លៃ ៣៤៩ដុល្លារអាមេរិក ហើយប្រសិនបើត្រូវការទិញ Lens បន្ថែមទៀតនោះ តម្លៃរបស់វាកើនដល់ ៤៤៨ដុល្លារ។ វាមាន ៣ពណ៌ គឺពណ៌ខ្មៅ ពណ៌ ប្រផេះ និង ពណ៌ស៕
