ថ្មីៗនេះ Reuter បានដកស្រង់សម្តីរបស់លោក Noriaki Yamashita ប្រធានក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ ថា Toyota នឹងចាប់ផ្តើមផលិតរថយន្តភីកអាប់ដ៏ល្បីល្បាញរបស់ខ្លួនជាប្រភេទអគ្គិសនី គឺម៉ូឌែល Hilux ក្នុងប្រទេសថៃ នៅឆ្នាំ២០២៥។
ការផលិតរថយន្ត EV ភីកអាប់នេះ នឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។
លោក Noriaki Yamashita បានថ្លែងទៅកាន់អ្នកកាសែតក្នុងអំឡុងពិព័រណ៍យានយន្តអន្តរជាតិក្រុងបាងកក កាលពីចុងខែមីនាកន្លងទៅថា រថយន្ត Hilux ស៊េរីថ្មីនឹងត្រៀមខ្លួនបញ្ចេញត្រឹមចុងឆ្នាំក្រោយ។ ជាមួយគ្នានេះ Toyota រំពឹងថា នឹងអាចលក់រថយន្ត ២៥ម៉ឺនគ្រឿងក្នុងប្រទេសថៃ នៅឆ្នាំ២០២៤នេះ។
បើតាមការចេញផ្សាយរបស់ Reuter ឱ្យដឹងទៀតថា រថយន្តអគ្គិសនី Hilux នឹងត្រូវធ្វើតេស្តបើកបរក្នុងក្រុងប៉ាតាយ៉ា ដើម្បីកំណត់ពីសមត្ថភាពរបស់វា មុនចូលការផលិតជាទ្រង់ទ្រាយធំសម្រាប់ទីផ្សារសាកល។
គួរកត់សម្គាល់ដែរថា កាលពីខែមុន ក្រុមហ៊ុន Isuzu បានបញ្ចេញគំរូភីកអាប់រថយន្តអគ្គិសនីថ្មីរបស់ខ្លួនជាលើកដំបូង គឺរថយន្ត Isuzu D-Max EV Concept ដែលគ្រោងនឹងផលិតនៅក្នុងប្រទេសថៃ ឆ្នាំ២០២៥ផងដែរ។
ក្រុមហ៊ុន Isuzu ប្រចាំប្រទេសថៃ បានលើកឡើងថា បច្ចុប្បន្ន ថៃគឺមូលដ្ឋានផលិតយានយន្តដ៏សំខាន់មួយក្នុងពិភពលោក នូវចំនួនដ៏ច្រើនដែលផលិតក្នុង១ឆ្នាំ។ ក្នុងនោះ ថៃផលិតបាន ១,៨ ទៅ ១,៩លានគ្រឿង ដែលជាចំនួនខ្ពស់ជាងគេនៅអាស៊ាន និងស្ថិតនៅលេខលំដាប់ទី១០ ក្នុងពិភពលោក៕