បច្ចេកវិទ្យា

Tesla ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Tata Group របស់ឥណ្ឌា

អាមេរិក៖ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញបន្ទះឈីប Semiconductor សម្រាប់ប្រតិបត្តិការជាសាកលរបស់ខ្លួនពីក្រុមហ៊ុន Tata Electronics ជាផ្នែកមួយនៃក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសឥណ្ឌាគឺ Tata Group ។


កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយស្ងាត់ៗកាលពីប៉ុន្មានខែមុន កាសែត Economic Times បានរាយការណ៍កាលពីថ្ងៃចន្ទដោយបន្ថែមថា ការផ្លាស់ប្តូរនេះស្របតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផលិតរថយន្តក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។


ET បានអះអាងថា កិច្ចព្រមព្រៀងនេះដាក់ក្រុមហ៊ុន Tata Electronics ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់អតិថិជនទូទាំងពិភពលោកដែលមានគោលបំណងបង្កើតផ្នែកដ៏សំខាន់នៃខ្សែសង្វាក់តម្លៃ semiconductor របស់ពួកគេក្នុងប្រទេសឥណ្ឌា ហើយក្រុមហ៊នទាំង Tata និង Tesla មិនបានធ្វើអត្ថាធិប្បាយលើការអភិវឌ្ឍន៍នោះទេ។


មូលធននីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុន Tata Group បានកើនឡើងលើសពី ៣៦៥ ពាន់លានដុល្លារកាលខែកុម្ភៈ ជាមួយនឹងដៃ IT របស់ខ្លួន Tata Consultancy Services (TCS) ស្មើនឹងពាក់កណ្តាលនៃចំនួននេះ។ Tata ក៏មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤ រួមទាំងក្រុមហ៊ុន Air India ជាក្រុមហ៊ុនអាកាសចរណ៍ជាតិត្រូវបានធ្វើឯកជនភាវូបនីយកម្មកាលឆ្នាំ ២០២២។


ព័ត៌មាននៃកិច្ចព្រមព្រៀងនេះកើតឡើងប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Elon Musk មកកាន់ប្រទេសនេះ។ កាលពីសប្តាហ៍មុន មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានប្រកាសពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានៅថ្ងៃទី ២១ ខែមេសា សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ក្នុងអំឡុងពេលលោកត្រូវបានគេរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ។


ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា លោកត្រូវបានគេរំពឹងថានឹងប្រកាសការវិនិយោគនៅក្នុងប្រទេសដែលមានតម្លៃចន្លោះពី ២ ពាន់លានដុល្លារទៅ ៣ ពាន់លានដុល្លារ ក៏ដូចជាការបើកដំណើរការសេវាកម្ម Starlink របស់លោកក្នុងអំឡុងពេលទស្សនកិច្ចនេះ៕
ដោយ៖លី ភីលីព

Most Popular

To Top