ឧស្សាហកម្មយានយន្តចិន មានសមត្ថភាពផលិតរថយន្តដល់ ៤០លានគ្រឿងហើយ ក្នុងមួយឆ្នាំ ពោលគឺច្រើនជាងចំនួនលក់ ក្នុងស្រុកដល់ទៅ២ដង។
តម្រូវការរថយន្ត នៅប្រទេសចិនក្នុង១ឆ្នាំ គឺមានប្រហែល ២២លានគ្រឿង ដូច្នេះការផ្គត់ផ្គង់ រថយន្តក្នុងប្រទេសនេះ គឺលើសតម្រូវការពាក់កណ្តាលឯណោះ ។ បើទោះជាបែបនេះ ក៏ដោយ ក៏រដ្ឋាភិបាលចិន នៅតែបន្តគោលនយោបាយលើកទឹកចិត្តគាំទ្រ ក្នុងឧស្សាហកម្មនេះបន្ថែមទៀត។
ការផលិតរថយន្តច្រើន ហួសពីតម្រូវការបែបនេះ បានបង្កជាឧបសគ្គកាន់តែខ្លាំង សម្រាប់ក្រុមហ៊ុនរថយន្តចំហេះក្នុង ដែលជាប្រភេទរថយន្តកំពុងថមថយប្រជាប្រិយស្រាប់ និងក្រុមហ៊ុន រថយន្តអគ្គិសនី ដែលជាបច្ចេកវិទ្យាថ្មី ហើយក៏កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាផងដែរ ។
កាលពីឆ្នាំមុន មានប្រេនរថយន្តនៅក្នុងប្រទេសចិន រហូតដល់ចំនួន ១២៣ឯណោះ ហើយយ៉ាងហោចណាស់ ប្រេន១ ក៏មានរថយន្តអគ្គិសនីមួយដែរ។ ក្នុងនោះ ក្រុមហ៊ុន Zhido ដែលទើបតែរស់រានឡើងវិញ ក្រោយក្ស័យធនក្នុងឆ្នាំ២០១៩ ក៏ចូលក្រឡុកទីផ្សារតម្លៃរថយន្តនឹងគេដែរ ធ្វើឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន ៕