ប្រវត្តិសាស្ត្រ:នៅថ្ងៃទី៣ខែមករាឆ្នាំ១៩៥៩ លោកប្រធានាធិបតីអាមេរិកលោក Eisenhower បានចុះហត្ថលេខាលើសេចក្តីប្រកាសពិសេសមួយដែលទទួលស្គាល់ ទឹកដីអាឡាស្កាចូលជាផ្លូវការជារដ្ឋទី៤៩និងជារដ្ឋធំបំផុត របស់សហរដ្ឋអាមេរិក។
ទឹកដីអាឡាស្កាបានក្លាយទៅជាទឹកដី របស់អាមេរិកនៅថ្ងៃទី៣០ខែមីនាឆ្នាំ១៨៦៧ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក William H. Seward បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយប្រទេសរុស្ស៊ី សម្រាប់ការទិញយកអាឡាស្កាជាផ្លូវការក្នុងតម្លៃ៧,២លានដុល្លារ។ ថ្វីបើមានតំលៃថោកប្រហែលជា២សេនក្នុងមួយអារ ក៏ដោយប៉ុន្តែការសម្រេចចិត្តទិញយកតំបន់អាឡាស្កាត្រូវបានគេ សើចចំអកពីសភាជាតិនិងនៅក្នុងសារពត៌មានទាំងឡាយរបស់អាមេរិក។
ការសើចចំអកទាំងនោះចាប់ផ្តើមរលត់បន្តិចម្តង ស្របពេលដែលការតាំងទីលំនៅដោយជនជាតិអាមេរិក មកពីទ្វីបអាមេរិកមានភាពយឺតបន្តិចម្តងៗរហូតដល់ពេលដែល មានការរកឃើញធនធាតុមាសនៅឆ្នាំ១៨៩៨ដែលវា បាននាំមកនូវការហូរចូលយ៉ាងឆាប់រហ័សរបស់ពលរដ្ឋអាមេរិក ទៅកាន់ទឹកដីនោះ។ អាឡាស្កាដែលក្រោយមកត្រូវបានគ្រប់គ្នាជឿជាក់ថា ជាទីតាំងដែលសំបូរទៅដោយធនធានធម្មជាតិនិងបាន រួមចំណែកដល់ភាពចម្រុងចម្រើនរបស់អាមេរិកតាំងពីពេលនោះមក៕
ប្រែសម្រួល:ស៊ុនលី



