ឧត្តរមានជ័យ ៖ ផលប៉ះពាល់រវាងប្រជាពលរដ្ឋក្នុងតំបន់ស្រុកត្រពាំងប្រាទ ខេត្តឧត្តរមានជ័យ ជាមួយគម្រោងសាងសង់ស្ថានីយ និងបណ្តាញបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុល មកកាន់ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្តចាប់ផ្តើមដំណើរដោះស្រាយជាជំហានៗហើយ។
នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្តរមានជ័យ និងតំណាងក្រុមហ៊ុនវិនិយោគ រួមទាំងមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធបានបើកកិច្ចពិភាក្សាស្តីពីការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ផ្ទះសំបែង ដើមឈើ របស់ប្រជាពលរដ្ឋ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីរោងចក្រ អគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ ទៅអនុស្ថានីយ៍អគ្គិសនីសៀមរាប។
គម្រោងខាងលើនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Han Seng Coal Mines Co., Ltd ជាមួយនឹងទុនវិនិយោគជិត ៣០០ លានដុល្លារ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល ធ្លាប់បានប្រាប់ដឹងទៀតថា គម្រោងរោងចក្រអគ្គិសនីដុតធ្យូងរបស់ក្រុមហ៊ុន Han Seng Coal Mines Co., Ltd មានទុនវិនិយោគចំនួន ២៩៤,៣ លានដុល្លារ នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២១ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ខណៈដែលកំណើននៃការផ្គត់ផ្គង់ថាមពលដែលផលិតក្នុងស្រុកនឹងកើនឡើង ពិសេសចាប់ពីឆ្នាំ ២០២១ តទៅ។
លោកថ្លែងថា “ការបង្កើនការផ្គត់ផ្គង់ថាមពលគឺជាគោលការណ៍នៃការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតដែលជាស្នូល និងមូលដ្ឋានគ្រឹះក្នុងការបង្កើតការងារសម្រាប់ប្រជាជនខ្មែរ។ នារយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ដើម្បីបំពេញតម្រូវការដែលមានកំណើនដ៏ខ្ពស់ កម្ពុជាបាននាំចូលថាមពលអគ្គិសនីពីប្រទេស ថៃ ឡាវ និងវៀតណាមក្នុងបរិមាណចន្លោះពី ៤៦០-៥០០ មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ” ។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏មានផែនការពង្រីកការវិនិយោគលើការផលិតថាមពលបន្ថែមទៀតផងដែរ ហើយចាប់ឆ្នាំ ២០២៣ ទៅកម្ពុជាក៏មានផែនការកាត់បន្ថយការនាំចូលថាមពលពីបរទេសឲ្យមកនៅក្នុងរង្វង់ ៣០០ មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ៕