បើអ្នកចង់មានអាយុវែង និងមានសុខភាពល្អ រក្សាសម្រស់ក្មេងជាងវ័យ អ្នកគួរបោះបង់ទម្លាប់អាក្រក់ទាំងនេះ។
ជាញឹកញាប់ផឹកភេសជ្ជៈរំញោច
ទំលាប់នៃការផឹកស្រា ភេសជ្ជៈមានជាតិអាល់កុល ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន មិនត្រឹមតែប៉ះពាល់ដល់មុខងារថ្លើម និងតម្រងនោមរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងបង្កើនល្បឿន ដំណើរការអុកស៊ីតកម្ម ដែលធ្វើឱ្យអ្នកឆាប់ចាស់ផងដែរ។ ដូច្នេះ ដើម្បីការពារសុខភាពអ្នកពីជំងឺ អ្នកមិនគួរប្រើភេសជ្ជៈអស់នេះច្រើននោះទេ។
ញ៉ាំអាហារមានជាតិខ្លាញ់ និងចៀនច្រើន
ការញ៉ាំអាហារចៀន និងខ្លាញ់ច្រើនពេក អាចបង្កបញ្ហាដល់ការរំលាយអាហារ។ ដោយសារអាហារប្រភេទនេះ មានកូលេស្តេរ៉ុលច្រើន វាអាចបង្កភាពចាស់ជរា ការចុះខ្សោយនៃអូវែរមុនអាយុចំពោះស្ត្រី ហើយថែមទាំងធ្វើឱ្យកើតមុននៅលើផ្ទៃមុខ បង្កើនភាពជ្រីវជ្រួញ និងធ្វើឱ្យសក់ស្កូវមុនអាយុ។

ជារឿយៗបរិភោគអាហារកែច្នៃ
អាហារដែលកែច្នៃច្រើនតែមានបន្ថែមសារធាតុរក្សាទុក ពណ៌សិប្បនិម្មិត និងសារធាតុបង្កគ្រោះថ្នាក់ផ្សេងទៀត។ បើញ៉ាំជាប្រចាំអាចធ្វើឲ្យរាងកាយផលិតរ៉ាឌីកាល់សេរី ដែលបណ្ដាលឲ្យខូចកោសិកា។ លើសពីនេះ ប្រភពអាហារកកក្នុងរយៈពេលយូរក៏អាចធ្វើឲ្យស្បែកបាត់បង់ភាពយឺត និងបង្កើតស្នាមជ្រួញមុនអាយុផងដែរ។
របបអាហារតឹងរ៉ឹង គ្មានវិទ្យាសាស្ត្រ
ក្នុងនាមជាស្ត្រី គ្រប់គ្នាខ្លាចឡើងទម្ងន់ ដោយមិនអាចគ្រប់គ្រងបាន ដូច្នេះហើយពួកគេតែងតែសម្លឹងមើល របបអាហារដើម្បីរក្សារាងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញ៉ាំតែបន្លែបៃតង ហើយរំលងអង្ករ និងសាច់ នោះរាងកាយរបស់អ្នកនឹងធ្លាក់ចូលទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ពីទីនេះផងដែរ បញ្ហាអ័រម៉ូននឹងលេចឡើង ហើយធ្វើឱ្យអ្នកមិនមានកូឡាជែន គ្រប់គ្រាន់ដើម្បីថែរក្សាស្បែកឱ្យមានសុខភាពល្អ។ ជាលទ្ធផល ស្បែករបស់អ្នកនឹងជ្រីវជ្រួញ ស្រអាប់ ហើយរាងកាយរបស់អ្នក នឹងមិនមានភាពរឹងមាំអ្វីឡើយ។
ទម្លាប់ទទួលទានអំបិលច្រើន
នៅពេលដែលអ្នកញ៉ាំអំបិលច្រើន វាប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ បង្កជាជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ខ្សោយតម្រងនោម។ ទន្ទឹមនឹងនោះ នៅពេលដែលអ្នកញ៉ាំអំបិលច្រើន វាក៏ប៉ះពាល់ដល់ដំណើរការបត់បែននៃស្បែក ធ្វើឱ្យស្បែកមុខរបស់អ្នកងាយនឹងកើតមុន បន្ទាប់មកបង្កើតជាស្នាមជ្រួញ និងឆាប់ចាស់។ ដូច្នេះដើម្បីបានសុខភាពល្អ រាងកាយទន់រលោង គួរកំណត់ទម្លាប់ទទួលទានអំបិលច្រើន៕

ប្រភព៖ Health
