ភ្នំពេញ៖ លោកចេន ដែលត្រូវបានគេស្គាល់ថាជាម្ចាស់បទ”អាក្របី”,ប្រុសម្នាក់នេះ សំខាន់នៅពេលណា?”,”ពងទា”,”ខ្សឹបៗក៍ឈឺ”,”ជូនអូនទៅរកគេ”,”ទទួលយកការពិត”,”មកក្រោយគេ”,”មិនអាចទៅរួច”,”សម្បថនិស្ស័យ”,”គូជីវិត”និងបទ”ពាក្យសង្សារចាស់”ជាដើមនោះបានភ្ជាប់ពាក្យជាមួយនារីដ៍ស្រស់សោភាឈ្មោះវ៉ាន់ លក្ខិណា កាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២។


ទាក់ទងនឹងពិធីភ្ជាប់ពាក្យរបស់ លោក ចេន ជាមួយនារីក្រៅសិល្បៈនេះផងដែរ ក៏បានបញ្ចប់មន្ទិលសង្ស័យថា អតីតសមាជិកក្រុម Mustache Band រូបនេះ មានទំនាក់ទំនងស្នេហាជាមួយសពិធីការិនីល្បីឈ្មោះ ហ៊ិន ចាន់នីរ័ត្ន ព្រោះកន្លងមក ធ្លាប់តែឃើញគេទាំងពីរនាក់ បង្ហោះរូបថតផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម រហូតធ្វើឱ្យមានពាក្យលើកឡើងថា ហ៊ិន ចាន់នីរ័ត្ន ទាញបានបេះដូងប្រុសក្មេង ។


ជាការពិតណាស់មួយរយៈខ្លីកន្លងទៅនេះ គេសង្កេតឃើញថា ហ៊ិន ចាន់នីរ័ត្ន និង ចេន ហាក់បីដូចជាបង្ហាញពីដំរួយ អំពីទំនាក់ទំនងរវាងពួកគេទាំងពីរ ដែលធ្វើឱ្យអ្នកគាំទ្រ ជាច្រើនបាន សង្ស័យថាអាយដលទាំងពីរកំពុងតែស្រលាញ់គ្នាមែនទែន។ យ៉ាងណាមិញ សាមីខ្លួនទាំងពីរក៏មិនបានបង្ហើបថា ស្រឡាញ់គ្នាដែរ អាចគ្រាន់តែជាការសម្ដែងទាមទារចំណាប់អារម្មណ៍ប៉ុណ្ណោះ ។ ហើយសម្រាប់កញ្ញា ហ៊ិន ចាន់នីរ័ត្ន បច្ចុប្បន្ននេះក៏បានងាកមកចាន់ដៃគូថតរូបស្និទ្ធស្នាលជាមួយលោក សេង មង្គល វិញម្ដង ហើយក៏កំពុងធ្វើឱ្យមហាជនឆ្ងល់ថា គេទាំងពីរស្រឡាញ់គ្នា មែន ឬអត់?
គួរឱ្យដឹងផងដែរថា ដំបូងឡើយលោក ចេន បានធ្វើឱ្យអ្នកគាំទ្រយល់ច្រឡំថា មានទំនាក់ទំនងស្នេហាជាមួយកញ្ញា ហ៊ិន ចាន់នីរ័ត្ន តាមរយៈសំណេរជូនពរថ្ងៃបុណ្រណូអែល កាលពីឆ្នាំ ២០២០ របស់ ចេន ទៅកាន់ ហ៊ិន ចាន់នីរ័ត្ន ថា «Happy merry Christmas from us» ដែលមានន័យជាភាសាខ្មែរថា «រីករាយបុណ្យណូអែលពីពួកយើង» ជាមួយនឹងទឹកមុខមានក្ដីសុខ កាយវិការស្និទ្ធស្នាលប្រៀបដូចជាអ្នកទាំងពីរ គឺជាគូសង្សារយ៉ាងផ្អែមល្ហែមមួយគូអ៊ីចឹង ។ ចាប់តាំងពីពេលនោះ មកគេទាំងពីរនាក់ បានបន្តសកម្មភាពថតរូបស្និទ្ធស្នាលជាមួយគ្នា ជាហូរហែរ ទើបតែមួយរយៈខ្លីចុងក្រោយនេះ ហ៊ិន ចាន់នីរ័ត្ន បានងាកមកស្និទ្ធស្នាល ជាមួយលោក សេង មង្គល វិញម្ដង ៕ ដោយ៖ ម៉ានី







