ផ្សេងៗ

ម្ចាស់ជ័យលាភីមេដាយមាសកីឡា ប៉េតង់ជើងឯកពិភពលោកនឹងទទួលរង្វាន់ ពីសម្ដេចតេជោ នាព្រឹកថ្ងៃទី៥ មករា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៥ មករា ឆ្នាំ២០២២ ស្អែកនេះ ។


ម្ចាស់មេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំ២០២១ កីឡាការិនីអ៊ុកស្រីមុំ ជាគំរូមួយសម្រាប់លើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីដណ្តើមបានមេដាយមាសដែលជាសមិទ្ធផលជោគ ជ័ យដ៏ធំធេងនិងជាគំរូដឹកមុខជំរុញឲ្យអត្តពលិកជម្រើសជាតិ ដាក់ទិសដៅអភិវឌ្ឍសមត្ថភាពដណ្តើមមេដាយមាសកម្រិតអន្តរជាតិ និងក្លាយជាវីរកីឡាករ កីឡាការិនីទាំងអស់គ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។


ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ម្ចាស់ផ្ទះ អេស្ប៉ាញ បានរៀបចំការប្រកួត ៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងយុវជន ប៉ុន្តែកម្ពុជា មិនបានបញ្ជូនកីឡាករផ្នែកយុវជនទៅចូលរួមនោះទេ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយមាស ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ។


កាលពីឆ្នាំ២០១៧កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ១គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស ៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។


កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២ដល់១៤ខែវិច្ឆិកាបានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអមដោយម៉ូតូសយ៉ាងអធិកអធមទៀតផងផង ៕

Most Popular

To Top