កូរ៉េ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប៉ូលិសកំពុងស៊ើបអង្កេតខ្សែវីដេអូកាមេរ៉ាតាមអ៊ីនធើណេត (IP) ថតបាននៅគ្លីនិកវះកាត់កែសម្ផស្សនៅ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ខណៈការសង្ស័យត្រូវបានលើកឡើងថា វីដេអូដែលថតនៅកន្លែងផ្សេងទៀត ដូចជាបន្ទប់ស្លៀកពាក់ក៏ត្រូវបានបែកធ្លាយ ហើយប៉ូលីសកំពុងបញ្ជាក់ពីការពិត។
យោងតាមរបាយការណ៍របស់ប៉ូលីសថា ការសង្ស័យត្រូវបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែមីនា វីដេអូដែលថតក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងបន្ទប់ Electrocardiogram នៃគ្លីនិកវះកាត់កែសម្ផស្សត្រូវបានបែកធ្លាយ បន្ថែមពីលើវីដេអូកាមេរ៉ា IP ដែលផ្សព្វផ្សាយរួចហើយ។ ប៉ូលីសបានធ្វើការស៊ើបអង្កេតនៅនឹងកន្លែងនៃគ្លីនិកដើម្បីពិនិត្យមើលថា តើទីតាំងនៃវីដេអូដែលលេចធ្លាយនោះត្រូវគ្នានឹងបន្ទប់ស្លៀកពាក់របស់គ្លីនិកកែសម្ផស្សដែលសាកសួរឬអត់។
មន្ត្រីប៉ូលិសម្នាក់បាននិយាយថា យើងកំពុងប្រមូលភស្តុតាងដើម្បីវាយតម្លៃការខូចខាត។ បច្ចុប្បន្នយើងកំពុងសហការជាមួយគណៈកម្មការស្តង់ដារទំនាក់ទំនងកូរ៉េ និងក្រសួងសមភាពយេនឌ័រ និងគ្រួសារ ដើម្បីទប់ស្កាត់ការចែកចាយបន្តនៃវីដេអូដែលលេចធ្លាយ។
ដោយមានការយល់ព្រមពីអ្នកជំងឺ ការថតវីដេអូនៅក្នុងបន្ទប់ព្យាបាល និងបន្ទប់វះកាត់ដើម្បីការពារគ្រោះថ្នាក់ផ្នែកវេជ្ជសាស្ត្រ ទោះជាយ៉ាងណាក៏ដោយ វាជាការខុសច្បាប់នៃការថតវីដេអូក្នុងបន្ទប់ស្លៀកពាក់ដោយគ្មានការយល់ព្រមពីអ្នកជំងឺ។ ជាការឆ្លើយតប គ្លីនិកបានប្រាប់ JTBC ថា មានកន្លែងបិទទ្វារដាច់ដោយឡែកក្នុងបន្ទប់ស្លៀកពាក់ ហើយអ្នកជំងឺស្រីត្រូវបានជូនដំណឹងអំពីការពិតនេះ ៕ ដោយ៖លី ភីលីព