ព័ត៌មានអន្តរជាតិ

ក្នុងគ្រាថ្កោលទោស សង្គ្រាមនៅអ៊ុយក្រែន ពាណិជ្ជកម្មរវាងអឺរ៉ុប និងរុស្ស៊ី កើនឡើង ២,៣ភាគរយ នៅឆ្នាំ២០២២

បរទេស៖ ប្រភពពី RIA Novosti បានរាយការណ៍ដោយដកស្រង់ទិន្នន័យពី Eurostat ថាទំហំពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុបបានកើនឡើង ២,៣ភាគរយក្នុងឆ្នាំ២០២២ ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ ។

ការនាំចេញទំនិញពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២២ បានកើនឡើងមួយភាគបួន និងឈានដល់ ២០៣,៤ពាន់លានអឺរ៉ូ តិចជាង ២៣០ លានអឺរ៉ូ តិចជាងចំនួនអតិបរមាជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០១២ ដែលមានត្រឹម (២០៣,៦ពាន់លានអឺរ៉ូ)។

ក្នុងពេលជាមួយគ្នានេះ ការនាំចេញពីសហភាពអឺរ៉ុបទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះប្រហែល ៣៨ភាគរយ មកនៅត្រឹម ៥៥,២ពាន់លានអឺរ៉ូ ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ២០០៥ ។ នេះមិនប៉ះពាល់ដល់ការពិតដែលថាទំហំពាណិជ្ជកម្មសរុបរវាងអឺរ៉ុប និងរុស្ស៊ីបានកើនឡើង ២,៣ភាគរយ ធៀបនឹងឆ្នាំមុនដល់ ២៥៨,៦ ពាន់លានអឺរ៉ូ។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បណ្តាប្រទេសសហភាពអឺរ៉ុប បានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ លោក Kirill Logvinov តំណាងអចិន្ត្រៃយ៍ ស្តីទីរបស់រុស្ស៊ីប្រចាំនៅសហភាពអឺរ៉ុបបានឲ្យដឹងថា ការរឹតបន្តឹងរបស់អឺរ៉ុបបានប៉ះពាល់ដល់ពាណិជ្ជកម្មទៅវិញទៅមកយ៉ាងលំបាក ប៉ុន្តែលំហូរពាណិជ្ជកម្មមិនបានរីងស្ងួតទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទណ្ឌកម្មចូលជាធរមាន ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរនឹងថយចុះ៕

Most Popular

To Top