ព្រុចសែល៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា មានការរឹតបន្តឹងលើរបៀប ដែលអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដល់អ៊ុយក្រែនគួរតែត្រូវបានប្រើប្រាស់ដោយកងកម្លាំងរបស់ទីក្រុង ក្នុងសង្រ្គាម ហើយមតិរបស់លោក ក៏ត្រូវបានសារព័ត៌មានរុស្ស៊ីលើកយកមកចុះផ្សាយ។
លោក Scholz បានឲ្យដឹង នៅក្នុងទីក្រុងបេនដហ្វ ភាគខាងលិច ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទថា “វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង ដែលអាវុធ ដែលយើងផ្គត់ផ្គង់ ដែលអ៊ុយក្រែន អាចការពារខ្លួនមិនត្រូវបានប្រើ ដើម្បីវាយប្រហារទឹកដីរុស្ស៊ី” ។
កាលពីខែមេសា រដ្ឋមន្ត្រីក្រសួង ការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្ដើរឺស បានបង្ហាញការគាំទ្រមានកម្រិត សម្រាប់អ៊ុយក្រែន ដែលធ្វើប្រតិបត្តិការ លើទឹកដីរុស្ស៊ី “ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់ពួកគេ។ កាសែតអាល្លឺម៉ង់ Die Zeit បានរាយការណ៍ថា លោក ភីស្ដើរឺស បានលើកឡើងថា នេះគឺ “ដរាបណាទីក្រុង ជនស៊ីវិល ទ្រព្យសម្បត្ដិស៊ីវិលមិនត្រូវបានវាយប្រហារ” ។
កាលពីខែមុន សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានគាំទ្រការវាយប្រហាររបស់អ៊ុយក្រែ ននៅក្នុងតំបន់ ដុនបាស និងគ្រីមៀ ខណៈដែលពួកគេស្ថិតនៅក្រោម ការកាន់កាប់របស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ អាមេរិក មិនបានលើកទឹកចិត្តឱ្យមាន ការវាយប្រហារនៅខាងក្រៅអ៊ុយក្រែននោះទេ នេះបើយោងតាមអ្នកនាំពាក្យសេតវិមានលោក ចន ឃឺបាយ ។
លេខាធិការសារព័ត៌មានរបស់វិមានក្រឹមឡាំង លោក ឌីមីទ្រី ផេកកូវ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់ គ្មានមធ្យោបាយ ដើម្បីធានាថាអាវុធរបស់ខ្លួនមិនត្រូវបានប្រើប្រាស់នៅលើទឹកដីរុស្ស៊ីនោះទេ។
លោក Scholz បានឲ្យដឹងថា មានការយល់ស្របមួយនៅក្នុងប្រទេសលោកខាងលិចដែលថា ការគាំទ្រសម្រាប់ទីក្រុងគៀវ មិនគួរនាំទៅរកការកើនឡើង ឬការប្រឈមមុខដាក់គ្នារវាងណាតូ និងទីក្រុងមូស្គូនោះទេ។ លោកបានបន្ថែមថា ទីក្រុងប៊ែរឡាំង បានសម្រេចចិត្តផ្គត់ផ្គង់សព្វាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដោយចាប់ពីខែសីហា អ៊ុយក្រែន ក៏នឹងទទួលបានគ្រាប់រំសេវ សម្រាប់ប្រព័ន្ធកាំភ្លើងធំដោយខ្លួនឯង (SAU) ពីប្រទេសអាល្លឺម៉ង់ផងដែរ។
ខណៈពេលដែលទីក្រុងប៊ែរឡាំង ជាអ្នកផ្តល់ជំនួយផ្នែកយោធាដ៏សំខាន់ដល់អ៊ុយក្រែនលោក Scholz ត្រូវបានគេរិះគន់កាលពីដើមក្នុងសង្រ្គាម ចំពោះការពន្យារពេលក្នុងការយល់ស្របក្នុងការផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងអាវុធសំខាន់ៗមួយចំនួនដូចជារថក្រោះ Leopard 2 ។
កាលពីខែកុម្ភៈ លោក Scholz បានរិះគន់នូវអ្វីដែលលោកជឿថា ជាការប្រកួតប្រជែងក្នុងចំណោមប្រទេសមួយចំនួនលើអ្នកដែលអាចផ្តល់អាវុធច្រើនជាង និងល្អជាងនេះទៅឱ្យអ៊ុយក្រែន។ រុស្ស៊ីបានឲ្យដឹងផងដែរថា ការផ្គត់ផ្គង់ទាំងនេះដោយប្រទេសណាតូ ដល់អ៊ុយក្រែនបានបង្ហាញថា វាត្រូវបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាម ដែលចាប់ផ្តើមដោយលោក វ្ល៉ាឌីមៀ ពូទីន។
សម្ព័ន្ធមិត្តរបស់ទីក្រុងគៀវ បានរំលឹកឡើងវិញនូវការគាំទ្រផ្នែកយោធារបស់ពួកគេសម្រាប់ទីក្រុងគៀវនៅឯមូលដ្ឋានទ័ពអាកាស រាំស្ទៀន (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមេសា មុនពេលការវាយលុកនៅនិទាឃរដូវដែលរំពឹងទុកយ៉ាងទូលំទូលាយរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
អ្នកជំនាញបានឲ្យដឹងថា បច្ចុប្បន្ននេះ អ៊ុយក្រែនបានបង្ហាញឱ្យឃើញពីការច្នៃប្រឌិតយ៉ាងខ្លាំង និងអាចសម្របខ្លួនបាននៅលើសមរភូមិ” ប៉ុន្តែការវាយលុកនៅនិទាឃរដូវដ៏ជោគជ័យមួយ នឹងមានសារសំខាន់ផ្នែកនយោបាយ។ វានឹងអនុញ្ញាតឱ្យរដ្ឋសមាជិកណាតូនីមួយៗត្រឡប់ទៅទស្សនិកជនក្នុងស្រុករបស់ពួកគេវិញ ហើយបង្ហាញអំពីភាពត្រឹមត្រូវនាពេលថ្មីៗនេះ និងនាពេលអនាគត ទៅលើជំនួយយោធាសម្រាប់អ៊ុយក្រែន”៕
ប្រែសម្រួល ឈូក បូរ៉ា