មនុស្សភាគច្រើន យល់ថា នៅពេលកំពុងបើកបររថយន្តស្រាប់តែមានលោតសញ្ញា Check នៅលើកុងទ័រ គឺអាចបន្តដំណើរបានជាធម្មតា ហើយចាំរកការ៉ាស់ជួសជុលតាមក្រោយ។ ទស្សនៈនេះ អាចត្រឹមត្រូវតែក្នុងករណីខ្លះប៉ុណ្ណោះ ដូចជា បញ្ហាប៊ូស៊ី ឌុយស៊ីមុំាង សំបុកឃ្មុំ ឬចំហេះសាំងជាដើម ដែលរថយន្តនៅតែអាចដំណើរការបាន។
ចុះលោកអ្នកធ្លាប់គិតទេថា ប្រសិនបើវាជាករណីផ្សេងក្រៅពីនេះ តើអ្នកនឹងអាចបន្តបើករថយន្តទៅមុខទៀតឬអត់? ព្រោះបញ្ហាម៉ាស៊ីនខ្លះ វាលោតសញ្ញា Check នេះមុនសិន បន្ទាប់មកទើបលេចចេញសញ្ញាផ្សេងទៀតមកតាមក្រោយ ហើយរលត់ម៉ាស៊ីនតែម្តង។

ដូច្នេះ រឿងដែលត្រូវធ្វើភ្លាមៗ ពេលដែលកំពុងបើករថយន្ត ស្រាប់តែលោត Check ដើម្បីអាចបង្ការបញ្ហាបានមួយកម្រិតបណ្តោះអាសន្ន កុំឱ្យគុប៉េម៉ាស៊ីននោះ គឺត្រូវ៖
១-ស្វែងរកកន្លែងឈប់ឱ្យបានលឿន តាមដែលអាចធ្វើបាន។
២-បន្ទាប់មកបើកគម្របម៉ាស៊ីន ដើម្បីពិនិត្យមើលភាពមិនប្រក្រតីណាមួយ អាការៈម៉ាស៊ីនញាក់ខ្លាំង ឬអត់ ក្តៅឬអត់ មានការលេចធ្លាយធុង ឬរបូតទុយោណាមួយឬអត់។
៣-រឿងដែលធ្វើបន្ទាប់ ត្រូវពន្លត់ម៉ាស៊ីនសិន ហើយទុកឱ្យម៉ាស៊ីនត្រជាក់បន្តិច អាចពី១០ ទៅ ២០នាទី។
៤-យកកន្សែងទ្រាប់ដៃ បើកគម្របធុងទឹកស្អំ និងបើកម៉ាក់កេប្រេងម៉ាស៊ីន និងប្រេងប្រអប់លេខ តើវាមានកម្រិតគ្រប់គ្រាន់ឬអត់ ព្រោះបើទឹកស្អំ ឬប្រេងម៉ាស៊ីន ឬប្រេងប្រអប់លេខ មានកម្រិតទាប ឬជិតអស់ នោះហើយគឺសញ្ញា Check ដែលជាបញ្ហារបស់វាតែម្តង។
៥-ក្រោយពេលឆែករួចរាល់អស់ បើមិនឃើញមានបញ្ហាអ្វីទេ គឺអាចបញ្ឆេះរថយន្តបើកទៅមុខបាន តែគួរបើកយឺតៗ និងឧស្សាហ៍ឈប់ និងមើលសញ្ញាអ្វីផ្សេងក្នុងកុងទ័រ ហើយព្យាយាមរកការ៉ាស់ដើម្បីស្កេនរកកំហូច ឱ្យបានទាន់ពេល៕
ប្រភព៖sabay
