តារាចម្រៀង នាង គន្ធា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងខ្លះស្រងិះស្រងោចតាម ក្រោយពីតារាស្រីរូបនេះបង្ហាញដៃជាប់សេរ៉ូម ហើយពោលពាក្យនឹកអាល័យចំពោះបងប្រុស ជាពិសេសរំលឹកថាពេលនាងឈឺម្ដងៗមានបងប្រុសជាអ្នកនៅចាំមើលថែជានិច្ច ប៉ុន្ដែពេលនេះបែរជាអត់ទៅវិញ។
នាង គន្ធា បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីបង្ហាញអារម្មណ៍ក្រៀមក្រំនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះថា៖ “ពីមុនមានបុរសម្នាក់នេះ(ប្អូនប្រុស) អង្គុយមើលខ្ញុំឈឺ…អីឡូវមនុស្សស្រីម្នាក់នេះមើលថែខ្ញុំគ្រប់ការឈឺជាទាំងកាយចិត្ត មិនដែលធ្វើឲ្យខ្ញុំពិបាក”។

ទោះជាយ៉ាងណា គេមិនដឹងថាតារាចម្រៀងស្រីសម្រស់បានរូបនេះ មានជំងឺអ្វីបានឈានដល់ការដាក់សេរ៉ូមបែបនេះទេ។ ប៉ុន្ដែបើតាមរូបថត នាង គន្ធា បានចេញពីពេទ្យមកសម្រាក និងព្យាបាលនៅផ្ទះវិញហើយ ហើយអ្នកមើលថែនាងជំនួសបងប្រុសនៅពេលនេះ គឺឃើញមាននារីម្នាក់នៅក្បែរនាងរហូត។

បងប្រុសរបស់តារាចម្រៀង នាង គន្ធា ឈ្មោះ នាង ប្រាក់សុគន្ធ ដែលជាតារាចម្រៀងមានកម្ពស់ខ្ពស់ស្រឡះ និងរាងសង្ហារផងនោះ បានជួបគ្រោះថ្នាក់ចរាចណ៍រហូតដល់បាត់បង់ជីវិតកាលពីចុងខែធ្នូ ឆ្នាំ២០២១។ ដ្បិតបងប្រុសបានស្លាប់ចោលទៅជិត ២ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាង គន្ធា នៅតែនឹកអាឡោះអាល័យបងប្រុស ដោយរំលឹកជាបន្ដបន្ទាប់នូវអនុស្សាវរីយ៍រស់នៅបន្ទប់ជួលរួមគ្នា និងអនុស្សាវរីយ៍ប្រឡូកក្នុងអាជីពចម្រៀងជាមួយគ្នា ក្រោយចេញពីស្រុកកំណើតតែពីរនាក់បងប្អូន៕
ប្រភព៖sabay
