គ្រប់អ្នកប្រើប្រាស់រថយន្តទាំងអស់ សុទ្ធតែមានការបារម្ភពេលឃើញរថយន្តចេញ Check ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ។ បច្ចុប្បន្នមានមនុស្សភាគច្រើន បានទិញឧបករណ៍ស្កេនដាក់ជាប់តាមរថយន្ត ដើម្បីត្រៀមពេលមានករណីលោតចេញសញ្ញា Check។ ពេលស្កេនឃើញលេខកូដ គេអាច search លេខកូដនោះតាមអ៊ីនធើណែត ដើម្បីអាចដឹង និងស្វែងយល់បានពីបញ្ហារថយន្ត ថាតើធ្ងន់ធ្ងរ ឬស្រាល។ យ៉ាងណាមិញ ប្រសិនលោកអ្នកស្ថិតក្នុងតំបន់គ្មានសេវាអ៊ីនធើណែត លោកអ្នកក៏នៅតែអាចដឹងបានខ្លះៗផងដែរតាមរយៈអត្ថន័យនៃអក្សរ និងលេខរបស់លេខកូដនោះ។
ជាទូទៅ លេខកូដ មានអក្សរមួយនៅខាងមុខ និងលេខ៤ខ្ទង់នៅខាងក្រោយ។ សម្រាប់អក្សរនៅខាងមុខនោះ គឺមានដូចជា៖
-P: តំណាងឱ្យពាក្យ Powertrain ដែលសំដៅលើប្លុកម៉ាស៊ីន ហើយជួបញឹកញាប់ច្រើនជាងគេបំផុត
-B: តំណាងឱ្យពាក្យ Body ដែលសំដៅលើតួរថយន្ត
-C: តំណាងឱ្យពាក្យ Chassis ដែលសំដៅលើសាក់ស៊ី
-U: តំណាងឱ្យ Network Communication ឬបណ្តាញទំនាក់ទំនង។
បន្ទាប់មកទៀត គឺជាលេខខ្ទង់ទីមួយ ដែលនៅជាប់អក្សរខាងលើ។ លេខនេះ អាចជាលេខ 0 ឬលេខ 1។ លេខ 0 ត្រូវបានបង្កើតឡើងដោយអង្គការ SAE (Society of Automotive Engineers)។ ឯលេខ 1 បង្ហាញកូដជាក់លាក់របស់ក្រុមហ៊ុនផលិតរថយន្តមួយ។
ផ្នែកបន្ទាប់គឺជាលេខខ្ទង់ទីពីរ ដែលវាអាចមានលេខចាប់ពី 0 ដល់ 9។ ក្នុងនោះ៖
លេខ 1: បង្ហាញអំពីបញ្ហាប្រព័ន្ធសាំង ឬខ្យល់ណាមួយជាក់លាក់។ ឧទាហរណ៍ដូចជាបញ្ហា Mass Airflow Sensor។
លេខ 2: បង្ហាញប្រព័ន្ធសាំង ឬខ្យល់ ដូចគ្នា តែអាចមានច្រើនចំណុច។ ឧទាហរណ៍ដូចជា បញ្ហាប្រព័ន្ធប៊ិចសាំង។
លេខ3: បង្ហាញបញ្ហានៃការបញ្ឆេះណាមួយ។
លេខ4: បង្ហាញបញ្ហាប្រព័ន្ធបញ្ចេញផ្សែង។ ឧទារណ៍ បញ្ហាសំបុកឃ្មុំ។
លេខ5: បង្ហាញពីប្រព័ន្ធគ្រប់គ្រងល្បឿន និងបញ្ហាបញ្ឆេះការ៉ង់ទី។
លេខ6: បង្ហាញពីបញ្ហាប្រព័ន្ធបញ្ជារថយន្ត Computer Output Circuit ឬបញ្ហាគ្រឿងអេឡិចត្រូនិច។
លេខ 7,8 ឬ 9: បង្ហាញបញ្ហាប្រអប់លេខ។ ឧទាហរណ៍ដូចជា បញ្ហាសម្ពាធ និងសេនស័រដំណើរការមិនត្រឹមត្រូវ។
ចំណែកពីរខ្ទង់ចុងក្រោយគឺអាចមានលេខចាប់ពី 00 ដល់ 99 ឯណោះ ហើយលេខពីរខ្ទង់ចុងក្រោយនេះមិនអាចបញ្ជាក់ ឬតំណាងឱ្យអ្វីឡើយ ពោលគឺវាត្រូវពឹងផ្អែកទាំងស្រុងលើអក្សរនិងលេខដែលខាងមុខ ទើបអាចកំណត់ឃើញបញ្ហាច្បាស់លាស់៕
ប្រភព៖ sabay