ផ្សេងៗ

រកឃើញ​ក្រុមហ៊ុន​ដំបូង ​ដែល​អាចផលិត​រថយន្ត​បាន ១០លាន​គ្រឿង​ក្នុង១ឆ្នាំ

Toyota បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទីមួយ​ក្នុងពិភពលោក ដែល​អាច​ផលិត​​រថយន្ត​ជាង ១០លាន​គ្រឿង​ក្នុងមួយឆ្នាំ សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២៣​នេះ។

បច្ចុប្បន្ន​នេះ Toyota មានគោលដៅ​ផលិត​រថយន្ត​​ទាំង​ប្រេន​ Toyota និង Lexus ឱ្យបាន ៣,៤លានគ្រឿង នៅក្នុងទីផ្សារ​ជប៉ុន កើនឡើង ៣០% និង​ ៦,៨លានគ្រឿង​នៅ​ទីផ្សារបរទេស កើនឡើង​ជិត ១០% បើប្រៀបធៀប​នឹងឆ្នាំ​២០២២។

ក្នុងរយៈពេល ៧ខែ​នៃឆ្នាំ​២០២៣នេះ Toyota បាន​បង្កើន​ផលិតកម្មដល់ចំនួន ៥,៧លានគ្រឿង កើនឡើង ១២%។

គួរ​រំលឹក​ថា កាលពីឆ្នាំ​២០២០ ផលិតកម្ម​របស់​ Toyota បាន​ធ្លាក់ចុះដោយផលិតបានត្រឹម ៧,៩លានគ្រឿង ដោយ​សារកូវីដ-១៩ ដែលនាំដល់​ការអាក់ខានផ្គត់ផ្គង់​គ្រឿងបង្គុំ។ ប៉ុន្តែក្រោយពីកូវីដ បានធូរស្រាល ក្រុមហ៊ុន​នេះ បានផលិត​ដល់ចំនួន ៩,០២លានគ្រឿង កាលពីឆ្នាំមុន។ សម្រាប់គោលដៅឆ្នាំ​២០២៥ Toyota គ្រោងសម្រេច​ការផលិតឱ្យបាន ១១លានគ្រឿង។

គួរដឹងថា ប្រភេទ​រថយន្ត​ដែលជំរុញ​ដល់​ការលក់​របស់​ Toyota គឺ​រថយន្ត Hybrid ដែល​មានចំណែក ៦០% នៃ​ទីផ្សារ​រថយន្ត Hybrid ក្នុងពិភពលោក។ បើតាម​​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ GlobalData បាន​ឱ្យដឹង​ថា តម្រូវការសាកល​សម្រាប់​រថយន្ត Hybrid រំពឹង​ថានឹងឈានដល់ ៨,០៦លានគ្រឿង ត្រឹម​ឆ្នាំ​​២០២៥៕

ប្រភព៖sabay

Most Popular

To Top