ផ្សេងៗ

នាយកប្រតិបត្តិ Rakuten សរសើរសមត្ថភាពរបស់ Viber ចំពោះការប្រឆាំងការឃោសនា ព័ត៌មានក្លែងក្លាយរបស់រុស្ស៊ី

រូបភាពពី៖​ Malay Mail

Kyiv៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោក Hiroshi Mikitani ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Rakuten Group កាលពីថ្ងៃសៅរ៍បានបង្ហាញពីសមត្ថភាព នៃវេទិកាផ្ញើសារ Viber របស់ក្រុមហ៊ុនលោកសម្រាប់ការទប់ទល់ព័ត៌មានក្លែងក្លាយរបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុង Kyiv ។
លោក Mikitani បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍ Zoom អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Kyiv ថា មិនដូចប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតទេ យើងបានធ្វើឲ្យវាច្បាស់ថា យើងនឹងបិទព័ត៌មានក្លែងក្លាយ និងការឃោសនារបស់រុស្ស៊ីទាំងអស់។

បុរសអាយុ ៥៨ ឆ្នាំរូបនេះបាននិយាយបន្ទាប់ពីបានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន កាលពីព្រឹកមិញ ជាផ្នែក នៃក្រុមមេដឹកនាំធុរកិច្ចជប៉ុន ដែលអមដំណើររដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា យើងបានជួបរដ្ឋមន្ត្រីស្ទើរតែទាំងអស់ ហើយពួកគេកំពុងបង្កើតយុទ្ធសាស្រ្តនាពេលអនាគត ពួកគេមានយុទ្ធសាស្ត្រកំណើនម៉ាក្រូសេដ្ឋកិច្ច ហើយខ្ញុំមានការលើកទឹកចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំង។

Viber បានបើកដំណើរការក្នុងឆ្នាំ ២០១០ និងត្រូវបានទិញដោយ Rakuten កាលឆ្នាំ ២០១៤ មានអត្រាការជ្រៀតចូលទីផ្សារ ៩៨ភាគរយនៅប្រទេសអ៊ុយក្រែន ហើយវាក៏មានប្រជាប្រិយភាពក្នុងប្រទេសរុស្ស៊ី។
លោក Mikitani មិនបានបញ្ជាក់លម្អិតអំពីអ្វីដែលត្រូវបានស្នើសុំ ឬដោយអ្នកណាទេ ប៉ុន្តែបាននិយាយថា Viber មិនដែលផ្តល់ព័ត៌មានដល់រដ្ឋាភិបាលណាមួយឡើយ។

សហគ្រិនមហាសេដ្ឋីរូបនេះ ធ្លាប់បានបញ្ចេញសំឡេងគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបានបរិច្ចាគប្រាក់ចំនួន ១ ពាន់លានយ៉េន (៦.៧៧ លានដុល្លារ) ដល់រដ្ឋាភិបាលរបស់ខ្លួននៅពេលចាប់ផ្តើមការឈ្លានពាន។

Rakuten បានប្រកាសថានឹងធ្វើការជាមួយប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេរបស់អ៊ុយក្រែន គឺ Kyivstar ដើម្បីផ្តល់បច្ចេកវិទ្យាទូរគមនាគមន៍ Open Radio Access Network (Open RAN) ដែលប្រើកម្មវិធីដើម្បីដំណើរការមុខងារបណ្តាញនៅលើ cloud ជាអ្វីដែល Mikitani បានហៅថា ជាបច្ចេកវិទ្យានាពេលអនាគត។

លោកបានបន្តថា បច្ចេកវិទ្យាដែលផ្អែកលើផ្នែករឹងទាំងអស់នេះគឺជាបច្ចេកវិទ្យាប្រហែលឆ្នាំ ២០១០។
កម្មវិធីនឹងកាន់តែមានប្រសិទ្ធភាព ការចំណាយសរុបនៃប្រតិបត្តិការនឹងធ្លាក់ចុះប្រហែលជា ៣០ ទៅ ៥០ ភាគរយ៕ ដោយ៖លី ភីលីព

Most Popular

To Top