ភ្នំពេញ៖ លោក ហួត សេងទ្រីប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំជាមួយនាយបេសកម្មបណ្តាវិទ្យាស្ថាន មហាវិទ្យាល័យ និងសកលវិទ្យាទំាង ៤៧ ព្រមទំាងសហព័ន្ធកីឡាជាតិ ៣ ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នាព្រឹកថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាក្រោមការសហការជាមួយបច្ចេកទេសជាមួយនឹងសហព័ន្ធកីឡាជាតិទំាង ១៣។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបាននិយាយថា ការប្រកួតកីឡាឆ្នាំនេះ មាន ១៣ ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ តេក្វានដូ WT តេក្វាន់ដូ ITF ការ៉ាតេ ស៊ីប៉ាក់តាក្រ និងគុនដាវ ដែលមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុបចំនួន ៤៧ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១៧៦៤ នាក់ក្នុងនោះកីឡាករ-កីឡាការិនី ១៦០៦នាក់ លើវិញ្ញាសាសរុបចំនួន ១០៣ វិញ្ញាសា ដែលមានចំនួនមេដាយសរុបចំនួន ៧១៨ គ្រឿង។
លោកប្រធានបានបន្តថា ការប្រកួតប្រព្រឹត្តិនៅទីលានចំនួន ១០ រួមមានពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យជាស៊ីម បឹងកេងកង វិទ្យាល័យ បឹងត្របែក វិទ្យាល័យវត្តកោះ វិទ្យាល័យជាស៊ីម ជ្រោយចង្វារ វិទ្យាល័យ ច្បារអំពៅ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក ហួត សេងទ្រី បានជម្រាបជូនពីព័ត៌មានថ្មីៗ ជុំវិញការរៀបចំការប្រកួតកីឡាថ្នាក់ជាតិនេះជូនដល់ប្រតិភូកីឡាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដូចជាទីលានប្រកួត ការហូបចុកស្នាក់នៅតាមសណ្ឋាគារ ជាពិសេសលោកក៏បានណែនាំដល់វិធានការ ការគោរពបទបញ្ជាការប្រកួត វិន័យ ក្រមសីលធម៌ដល់ប្រតិភូ ដើម្បីជម្រាបជូនបន្តដល់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជាប់ឱ្យដំណើរការប្រកួតកីឡាថ្នាក់ជាតិមួយនេះដំណើរការដោយរលូន និងជោគជ័យ។
ព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតចែកចេញជា២ វគ្គ គឺវគ្គ១ មានកីឡា ៤ ប្រភេទរួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ និងកីឡាតេក្វាន់ដូ ITF ហើយកីឡាតេក្វាន់ដូ ITF ធ្វើការប្រកួតសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ចំណែកវគ្គ២ មានកីឡា ៩ ប្រភេទដូចជា កីឡាអត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ តេក្វានដូ WT ការ៉ាតេ ស៊ីប៉ាក់តាក្រ និងគុនដាវ ធ្វើការនៅពហុកីឡដ្ឋានជាតិអូឡាំពិក សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ប្រកួតធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសសកម្មភាពកីឡាតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជួយនិស្សិតមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត តស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីល្អៗ ចូលរួមក្នុងក្រុមជម្រើសជាតិនាពេលអនាគត ជាពិសេសបង្កលក្ខណៈឲ្យមានការជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នាក្នុងសង្គម។
ការរៀបចំព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ សង្ឃឹមថានឹងប្លែកជាងរាល់ដង ព្រោះនៅតាមគ្រឹស្ថានសិក្សានីមួយៗគឺបានបញ្រាបផ្នែកអប់រំកាយ កីឡាបានច្រើនតាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសាលាផ្ទាល់៕