ក្លឹប Real Madrid កាលពីថ្ងៃច័ន្ទកន្លងទៅបានចេញសេចក្ដីថ្លែងការណ៍ផ្លូវការថា ខ្លួននឹងទៅលេងព្រឹត្តិការណ៍កម្រិតក្លឹបពិភពលោក FIFA Club World Cup ដែលនឹងប្រព្រឹត្តិទៅនៅទឹកដីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។

បើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបនេះបានឱ្យដឹងថា៖ «Real Madrid C. F. ចង់ជម្រាបថា គ្មានពេលមួយឡើយ ដែលយើងមិនចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍ Club World Cup ទម្រង់ថ្មី ដែលនឹងរៀបចំដោយ FIFA នៅមុនរដូវកាល ២០២៤/២០២៥ខាងមុខនេះ»។
«ក្លឹបរបស់យើងនឹងចូលរួម ដូចគ្រោងទុក នៅក្នុងការប្រកួតផ្លូវការនេះ ហើយយើងមានមោទនភាពក្នុងការផ្សារភ្ជាប់នឹងព្រឹត្តិការណ៍នេះ ហើយយើងនឹងខំប្រឹងក្នុងការបំពេញបំណងរបស់អ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោកជាមួយនឹងពានមួយទៀត»។ នេះបើតាមការបន្ថែមរបស់ក្លឹប។

នៅមុននេះមួយថ្ងៃ លោក Carlo Ancelotti គ្រូបង្គោលរបស់ក្លឹបនេះ បានសារព័ត៌មានមួយថា ក្លឹប Real Madrid ត្រៀមបដិសេធមិនចូលលេងព្រឹត្តិការណ៍នេះនោះទេ។

យ៉ាងណាមិញ ក្រោយពេលដែល Real ចេញសេចក្ដីថ្លែងការណ៍ លោកបានបង្ហោះនៅបណ្ដាញសង្គម X ថា សារព័ត៌មានខាងលើនេះបកប្រែពាក្យរបស់លោកខុស ហើយប្ដេជ្ញាថា លោកនឹងខំប្រឹងជួយក្លឹបឱ្យឈ្នះពាននេះឱ្យខានតែបាន។

ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ថ្មីមួយរបស់ FIFA ដែលនឹងផ្ដល់ឱកាសឱ្យក្លឹបនានាជុំវិញពិភពលោកប្រកួតគ្នា។ ទម្រង់នឹងការលេងនៅឆ្នាំក្រោយនេះនឹងមាន ៣២ក្រុម ហើយលេងក្នុងទម្រង់ចែកជា ៨ពូល។ ២ក្លឹបក្នុងមួយពូលនឹងឡើងទៅវគ្គ ១៦ក្រុម រួចជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

៣២ក្រុមនេះជ្រើសរើសចេញពីក្លឹបនៅក្នុងទ្វីបនានា ដោយក្នុងនោះ អាស៊ីមាន ៤ក្លឹប អាហ្វ្រិកមាន ៤ក្លឹប អាមេរិកខាងជើងមាន ៤ក្លឹប អាមេរិកខាងត្បូងមាន ៦ក្លឹប អូសេអានី ១ក្លឹប និងអឺរ៉ុបមាន ១២ក្លឹប៕
ប្រភព៖ sabay
