ខេត្តកែប ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប មន្រ្តីខេត្ត មន្រ្តីប្រតិភូក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើននាក់អញ្ជើញ ចូលរួមក្នុងពិធីរត់ភ្លើង គប់អបអរសាទរការប្រកួត កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅមុខសាលាខេត្តកែប នាថ្ងៃទី៥ តុលា ២០២៤ ។
លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង ខេត្តបានមានប្រសាសន៍ថា ជាថ្ងៃប្រវត្តិសាស្ត្រលើកទី១ ដែលខេត្តកែបរបស់យើង ទទួលបានកិត្តិយសរៀបចំព្រឹត្តិការណ៍រត់ភ្លើងគប់ដ៏អស្ចារ្យនៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នាឱកាសនេះ ។ ការប្រកួតនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការរៀងរាល់ ២ឆ្នាំម្តងដើម្បីត្រៀម លក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡា The 5th Asian Youth Games 2029 ។
ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា រៀបចំប្រកួតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី ខេត្តចំនួន ០៥ គឺ៖ រាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និង ខេត្តកំពង់ឆ្នាំង ។ ប្រារព្ធពិធីបើកដំណើរការ ប្រកួតដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រារព្ធពិធីបិទ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋាជាតិអូឡាំពិក ។
លោក លោក កែ ប៊ុនខៀង ក៏បានមាន ប្រសាសន៍ថា ថ្ងៃនេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំមានសេចក្តី សោមនស្ស រីករាយដែល បានចូលរួមជា អធិបតីក្នុងពិធីរត់ភ្លើងគប់អបអរសាទរ “ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ ២០២៤” ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” បាន កំណត់យកប្រភេទកីឡា ចំនួន៣៦ រួមមាន ៖ មានវិញ្ញាសាចំនួន ៣២៨ ដោយឡែក សម្រាប់ប្រភេទកីឡា ត្រូវចូលរួមប្រកួត កីឡាជាតិ ជនពិការ លើកទី២ មាន១៣ ប្រភេទកីឡា ហើយមានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើ នឹង ៣៨៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៥,៣៣៩ នាក់ ដែល អញ្ជើញមកពី ២៥ រាជធានី ខេត្ត និងក្រសួង៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ)។
លោក រដ្ឋលេខាធិការ បានបន្តថា ការប្រកួតនេះគឺជាការប្រកួតសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញ កីឡាឲ្យមានចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់ ជាពិសេស ដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំង អស់បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលាប្រកួត ទទួលបានចំណេះដឹង និង បទពិសោធន៍ កីឡាករ-កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទ ពិសោធន៍ពីការ ប្រកួត រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់ រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ដារ ការប្រកួត ជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា The 5th Asian Youth Games 2029 ក្នុងន័យរៀបចំពិធី «បើក» «បិទ» បដិសណ្ឋារកិច្ចឱ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួត ឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គណៈកម្មការរៀបចំការ ប្រកួតបានកំណត់យកទីតាំងទីលានចំនួន៥ រាជធានី ខេត្ត ដើម្បីរៀបចំការ ប្រកួតឱ្យស្រប តាមស្តង់ដា រួមមាន៖ ១) នៅរាជធានីភ្នំពេញមាន ១៧ ទីលាន៖ ២) ខេត្តកែប នៅទីរួមខេត្ត និង ឆ្នេរដង្គោល ៣) ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល ៤) ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និង ភ្នំត្រាក និង ៥) ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានកំណត់យុទ្ធការណ៍អប់រំចំនួន ៥ រួមមាន៖ទី១ កីឡារស់ក្នុងសន្តិភាព ទី២ប្រជជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ទី៣ កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ទី៤ កីឡាបៃតង កីឡាស្អាតស្អំ និងចុងក្រោយ កីឡាគ្មានសារធាតុដូប៉ា-ដូពីង៕