កីឡា

ប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្ម ៤ រូប ត្រៀម ខ្លួនចូលរួមការប្រកួត ជ្រើសរើសជើង ឯក កីឡាកាយវប្បកម្ម ពិភពលោក ឆ្នាំ២០២៥ នៅឥណ្ឌូណេស៊ី

ភ្នំពេញ ៖ ប្រតិភូ គ្រូបង្វឹក កីឡាករ សរុប ៤ នាក់ នៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់កោះ បាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) ដែលបានចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រតិភូ គ្រូបង្វឹក កីឡាករ សរុប ៤ នាក់រួមមាន លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និង កីឡាករ តាំង សំបូរ ក្រោមការអនុញ្ញាតជាគោលការណ៍ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជា ចៅក្រមអន្តរជាតិ បានមានប្រសាសន៍ថា នេះជាការចូលរួមប្រកួត របស់កីឡាកាយវប្បកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសឥណ្ឌូណេស៊ី ដែលមានជាង ៤០ប្រទេសចូលរួម។ ការចូលរួមប្រកួតកន្លងមកក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ ប្រភេទកីឡាកាយវប្បកម្មកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធ ៣ គ្រឿង ហើយការចូលរួមប្រកួត នៅឆ្នាំ២០២៥នេះ លោករំពឹងទុកថា កីឡាករកម្ពុជា នឹងអាចដណ្តើមបានភាពជោគជ័យ ជូនជាតិបន្ថែមទៀត ដោយសារតែកីឡាករ វាយវប្បកម្មកម្ពុជា បានហ្វឹកហាត់ត្រៀមខ្លួនរយៈពេល១ឆ្នាំ ជាពិសេសក្នុងអំឡុងពេល៦ខែចុងក្រោយនេះ។

បើទោះបីជាការប្រកួតកម្រិតពិភពលោកមួយ នេះ មិនទាន់ដឹងថា មានកីឡាករប៉ុន្មាននាក់ មកពីប៉ុន្មានប្រទេស ចូលរួមប្រកួតប្រជែងគ្នាក្នុងចំនួន ពិតប្រាកដយ៉ាងណាក្តី ក៏ចៅក្រមអន្តរជាតិរបស់កម្ពុជារូបនេះបង្ហាញនូវក្តីសង្ឃឹមថា កីឡាករកម្ពុជាទាំងពីររូបនេះ នឹង ប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមឲ្យបាន នូវលទ្ធផលដ៏គាប់ប្រសើរ មកជូនជាតិមាតុភូមិ ។ ជារួម គឺការបញ្ជូនកីឡាករចូលរួមប្រកួត លុះត្រាតែយើងដាក់គោលដៅជាមួយនឹងក្តីសង្ឃឹមដែរ ទើបយើងទៅចូលរួម។ ប្រភេទកីឡាកាយវប្បកម្មនេះ មានច្រើនវិញ្ញាសា មិនមែនត្រឹមតែថា កីឡាករណាមួយមានសាច់ដុំល្អ អាចឈ្នះនោះទេ ដោយសំខាន់វាអាស្រ័យលើបច្ចេកទេស និងការវិនិច្ឆ័យជាច្រើនចំណុចទៀត។

លោក តឹក ប៊ុនវី បានបញ្ជាក់ថា កីឡាករម្នាក់ អាចចូលរួមប្រកួតតែ ១ វិញ្ញាសាប៉ុណ្ណោះ ដោយអាស្រ័យលើទម្ងន់បូក កម្ពស់របស់កីឡាករ។ បន្ថែមពីលើនេះ លោកលើកឡើងថា ដោយសារតែប្រភេទកីឡាកាយ វប្បកម្មប្រឈមមុខខ្លាំង ជាមួយនឹងប្រភេទសារធាតុហាមឃាត់ក្នុងវិស័យកីឡា «ដូប៉ា ឬដូពីង»។ ប៉ុន្តែចំពោះកីឡាករ ក្រោមការមើលថែគ្រប់គ្រង របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺដាច់ខាតមិនអនុញ្ញាតឲ្យកីឡាករណាម្នាក់ ប្រើប្រាស់សារធតុហាមឃាត់ក្នុងវិស័យកីឡានេះនោះទេ ដោយសហព័ន្ធមានវិធានការច្បាស់លាស់ ក្នុងការត្រួតពិនិត្យ ដើម្បីកិត្តិយសរបស់កីឡាករ សហព័ន្ធ ក៏ដូចជាជាតិទាំងមូលផងដែរ៕

Most Popular

To Top