ភ្នំពេញ ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់មេដាយ ជូនក្រុមកីឡាករ-កីឡាការិនីនៃការប្រកួតកីឡាតេក្វាន់ដូ ITF នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ។
ការប្រកួតកីឡាជាតិ លើប្រភេទកីឡាតេក្វាន់ដូ ITF មានចំនួន ១៧៨ នាក់ ក្នុងនោះកីឡាករ មានចំនួន ១០០នាក់ និងកីឡាការិនី ៦២ នាក់ មាន ១៥ វិញ្ញាសានេះ គឺវិញ្ញាសាសម្តែង មេគុន និងប្រយុទ្ធ ។ ចំពោះចំនួនកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះ មានចំនួនកើនឡើង ជាងកីឡាជាតិ កាលពីលើកទី៣ ឆ្នាំ២០២២កន្លងទៅ ។
ការប្រកួតឆ្នាំនេះមានចំនួនកីឡា ការិនីកើនឡើងច្រើន ហើយក៏មានធនធានកីឡាករ កីឡាការិនីល្អៗច្រើនផងដែរ លើវិញ្ញាសាសម្តែងមេគុន។ ចំនួនកើនឡើងនេះមកពីខេត្តប៉ៃលិន កំពង់ស្ពឺ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ការប្រកួតកីឡាជាតិ លើប្រភេទកីឡាតេក្វាន់ដូ ITF ផ្តោតសំខាន់ លើការគោរព វិន័យយ៉ាងម៉ឺងម៉ាត់ របស់កីឡាករ កីឡាការិនីចូលរួម ខណៈមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមក៏ត្រូវបានរិតបន្តឹងលើការកាត់សេចក្តី ការផ្តល់ពិន្ទុយ៉ាងសុក្រិតយុត្តិធម៌ ។
ក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ១០ គ្រឿង មេដាយប្រាក់ ២ និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។
ក្រុមកីឡាកោះកុងដណ្តើម បានមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងក្រុម ខេត្តស្ទឹងត្រែងដណ្តើម បានមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡា ខេត្តប៉ៃលិន ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង៕