អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជិត ៨ ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីបានកើនឡើងជិត ៣០ ភាគរយកាលពីសប្តាហ៍មុន បន្ទាប់ពីជ័យជម្នះ របស់លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក។
នាយកប្រតិបត្តិ Elon Musk បានភ្ជាប់ខ្លួន លោកយ៉ាង ជិតស្និទ្ធជាមួយលោក Trump ដោយបានចំណាយប្រាក់ចំនួន ១៣០ លានដុល្លារ ទៅក្នុងយុទ្ធនាការរបស់គណបក្ស សាធារណរដ្ឋចំពេលមានការរំពឹងទុកថា លោកនឹងទទួលបាន តំណែងជាផ្លូវការនៅក្នុងរដ្ឋបាលថ្មី។
នេះបើយោងតាមទស្សនាវដ្តី Forbes បានប្រាប់ឲ្យដឹងថា ការកើនឡើង ក្រោយការបោះឆ្នោតរបស់ក្រុមហ៊ុន Tesla ក៏បានមើលឃើញថា វាឈានដល់ ១ ពាន់ពាន់លានដុល្លារ លើតម្លៃទីផ្សារជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំ។ ការកើនឡើងចុងក្រោយបំផុតធ្វើឲ្យ Tesla មានតម្លៃច្រើនជាងក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ១៥ បន្ទាប់រួមបញ្ចូលគ្នា ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Musk ក៏បានកើនឡើងដល់ទៅ ៣០០ ពាន់លានដុល្លារ ចាប់តាំងពីការឈ្នះរបស់លោក Trump ។
ពេលវេលាចុងក្រោយដែលភាគហ៊ុន Tesla បានបិទលើសពី ៣៥០ ដុល្លារ គឺខែមេសា ឆ្នាំ ២០២២ បន្ទាប់ពី លោក Musk បានប្រកាសពីផែនការទិញ Twitter (ឥឡូវ X) ក្នុងតម្លៃ ៤៤ លានដុល្លារ។ លោក Trump បានស្នើជាច្រើនដងក្នុងអំឡុងពេលយុទ្ធនាការ របស់លោកថា លោក Musk អាចត្រូវបានផ្តល់តួនាទីជាផ្លូវការ នៅក្នុងរដ្ឋបាលរបស់លោកដោយនិយាយថា លោកនាយកប្រតិបត្តិ និងជាមហាសេដ្ឋី អាចឈ្មោះក្នុងជួររដ្ឋាភិបាលរបស់លោក ។
លោក Musk បានព្រមានជាយូរមកហើយថា អាមេរិកកំពុងឆ្ពោះទៅរកការក្ស័យធនដោយជំរុញ ឲ្យការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងអះអាងថា ការចំណាយបានធ្វើឲ្យមានអតិផរណា ។
យោងតាមកាសែត Financial Times ថា តួនាទីណាមួយក្នុងការផ្តល់ដំបូន្មាន ដល់លោក Trump នឹងត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឲ្យគាត់រក្សា ការគ្រប់គ្រងលើក្រុម ហ៊ុនរបស់គាត់ Tesla, X, SpaceX, xAI និង Neuralink ។ គាត់មានគោលបំណងប្រើអំណាចដោយដំឡើងអ្នកតំណាងយូរមកហើយ អ្នកជំនាញផ្នែកវិស្វកម្ម អ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងដៃគូមនោគមវិជ្ជា នៅទីភ្នាក់ងាររដ្ឋាភិបាល ៕
Xinhua