ភ្នំពេញ ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាកីឡា កាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំនេះ ទទួលបានជោគជ័យល្អប្រសើរ ដោសារមានកីឡាករ ចូលរួមច្រើនរហូតដល់ ៧០ នាក់ ទូទាំងប្រទេសកម្ពុជា ស្របពេល ដែលសហព័ន្ធគ្រោង ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណជើងឯកអាស៊ីអគ្នេយ៍ក្នុងឆ្នាំ២០២៧ ខាងមុខនេះ ។

លោក តឹក ប៊ុនវី បានឡើងក្នុងឱកាសពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួននាថ្ងៃទី២៣ដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅសាលដំបូលទូក របស់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡាដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តខេត្តព្រៃវែង និងប្រធានកិត្តិយសសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និង លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។

ប្រធានសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបន្តថា ក្រោយពីខកខាតការប្រកួតជើងឯកអស់រយៈ ២ ឆ្នាំ នាពេលនេះសហព័ន្ធកីឡា កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីទទួលបានថវិកាគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ហើយសហព័ន្ធនឹងការប្រកួតជារៀងរាល់ឆ្នាំពីចាប់ពីឆ្នាំ ២០២៥ តទៅ។ ការប្រកួតឆ្នាំនេះ ៧០ នាក់ លោកសង្ឃឹមថា ឆ្នាំៗ ក្រោយសហព័ន្ធនឹងជំរុញ ឲ្យមានការចូលរួមពីបណ្តាល កីឡាករ-កីឡាការិនីឲ្យ កាន់ច្រើនជាងនេះ ពីព្រោះប្រភេទកីឡាកាយវប្បកម្ម ល្បីល្បាញលើពិភពលោក ។

លោកសង្ឃឹមថា បងប្អូនកម្ពុជាជួយគាំទ្រវិស័យ កីឡាកាយវប្បកម្ម របស់យើងឲ្យកាន់តែចរីកចម្រើន លើឆាកអន្តរជាតិ ក្នុងការដណ្តើមមេដាយជូនជាតិ ។
ចំពោះវិញ្ញាសាក្មេងជំទង់សាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតអាយុក្រោម ២១ ឆ្នាំ៖កីឡាករ តាំង សំបូរ ទទួលបានមេដាយមាស កីឡាករ ជិន ជនវិសាល ទទួលបានមេដាយប្រាក់ និងកីឡាករ ង៉ែត វ៉ា ឃឹម ទទួលបានមេដាយសំរិទ្ធ ចំណែកកីឡាករ អេង លីផេង ជាប់លេខ ៤ និងកីឡាករ ឃុន ម៉ានុត ជាប់លេខ ៥ ។ វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ម៉ែត្រ បូក ២ គីឡូក្រាម៖កីឡាករ ឆេង ច័ន្ទកក្កដា ទទួលបានមេដាយមាស កីឡាករ បូ ចាន់និ ទទួលបានមេដាយប្រាក់ កីឡាករ តាំង សំបូរ ទទួលបានមេដាយសំរិទ្ធ និងកីឡាករ ខ័ណ្ឌ សារ៉ាត់ ជាប់លេខ ៤ និងកីឡាករ គង់ គឹមសេង ជាប់លេខ ៥។

ចំណែកវិញ្ញាសា បុរសសាច់ដុំធម្មជាតិទម្ងន់ ៧៥ គីឡូក្រាម៖កីឡាករ សិទ្ធ វិច្ឆិកា ទទួលបានមេដាយមាស កីឡាករ ម៉ៅ សំអយ ទទួលបានមេដាយប្រាក់ និងកីឡាករ ច័ន្ទ សុខារិទ្ធ ទទួលបានមេដាយសំរិទ្ធ ចំណែកកីឡាករ ប៊ូ បូវឿន ជាប់លេខ ៤ និងកីឡាករ ហន សុធារិទ្ធ ជាប់លេខ ៥ ។ វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហាកម្ពស់ដល់ ១.៧៥ ម៉ែត្រ បូក ៦ គីឡូក្រាម៖កីឡាករ អៀម ច័ន្ទដារិទ្ធ ទទួលបានមេដាយមាស កីឡាករ អង់ វិច្ឆ័យ ទទួលបានមេដាយប្រាក់ និងកីឡាករ ជិន ជនវិសាល ទទួលបានមេដាយសំរិទ្ធ ចំណែកកីឡាករ ហៃ លីហួរ ជាប់លេខ ៤ និងកីឡាករ ហាំ ឡាដា ជាប់លេខ ៥ ។
រីឯវិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហាកម្ពស់ដល់ ១.៧០ម៉ែត្រ បូក ៤ គីឡូក្រាម៖កីឡាករ បូ ចាន់និ ទទួលបានមេដាយមាស កីឡាករ ឆេង ច័ន្ទកក្កដា ទទួលបានមេដាយប្រាក់ កីឡាករ កែវ សំណាង ទទួលបានមេដាយសំរិទ្ធ និងកីឡាករ កែវ រស្មី ជាប់លេខ ៤ និងកីឡាករ សា អ៊ីសសារី ជាប់លេខ ៥ និងវិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ ម៉ែត្រ កីឡាករ អង់ វិច្ឆ័យ ទទួលបានមេដាយមាស កីឡាករ ជិន ជនវិសាល ទទួលបានមេដាយប្រាក់ កីឡាករ ឈាង បូរី ទទួលបានមេដាយសំរិទ្ធ និងកីឡាករ ហៃ លីហួរ ជាប់លេខ ៤ និងកីឡាករ ខែម វណ្ណារ៉ា ជាប់លេខ ៥ ។

ការប្រកួតឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៦ រួមមាន វិញ្ញាសា បុរសសាច់ដុំធម្មជាតិទម្ងន់ ៧៥ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហាកម្ពស់ដល់ ១.៧០ម៉ែត្រ បូក ៤ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហាកម្ពស់ដល់ ១.៧៥ ម៉ែត្រ បូក ៦ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ ម៉ែត្រ វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ម៉ែត្រ បូក ២ គីឡូក្រាម និងវិញ្ញាសាក្មេងជំទង់សាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតអាយុក្រោម ២១ ឆ្នាំ៕



