ព័ត៌មានជាតិ

ដោយក្ដីស្រឡាញ់ ដ៏ជ្រាលជ្រៅ ចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ, លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់ !

សៀមរាប ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់កិត្តិនាម កម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។

គួរបញ្ជាក់ជូនថា ដោយការស្រឡាញ់ ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញ ការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោង សហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។

Most Popular

To Top