បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរ អំពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកក៏បានទទូចថា កងកម្លាំងសហរដ្ឋអាមេរិក ដែលកំពុងដាក់ពង្រាយនៅអឺរ៉ុប “មិនត្រូវបានបញ្ជូន ដើម្បីប្រយុទ្ធជាមួយកងកម្លាំង រុស្ស៊ីនៅអ៊ុយក្រែន នោះទេ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលបង្ហាញ មុខក្នុងកម្មវិធី ‘The Week’ របស់ទូរទស្សន៍ ABC លោក Sullivan បានបន្ទរសេចក្តីថ្លែងការណ៍ របស់មន្ត្រីអាមេរិកផ្សេងទៀត ដោយអះអាងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អាចកើតឡើងនៅព្រឹកស្អែក បើទោះបីជារដ្ឋាភិបាល ទីក្រុងម៉ូស្គូ បដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ថា ចលនាកងទ័ពផ្ទៃក្នុងកំពុងរៀបចំ សម្រាប់ជម្លោះដែលអាចកើតមានក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Sullivan បានទទូចថា ការបញ្ជូនទាហានអាមេរិកចំនួន 1 700 នាក់ទៅកាន់ប្រទេសប៉ូឡូញ ដែលជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំងចំនួន 3 000 នាក់ ទៅកាន់ទ្វីបអឺរ៉ុប មិនមែនជាការជំរុញឱ្យមានភាពតានតឹងនៅក្នុងតំបន់នោះទេ ដែលជាអ្វីដែលអ៊ុយក្រែន ខ្លួនឯងបានចោទប្រកាន់លោកខាងលិចថា បានធ្វើនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា