វិមានក្រឹមឡាំងបានព្រមានថា ចក្រភពអង់គ្លេសនឹងត្រូវរលាយដូចជាទឹក ប្រសិនបើរុស្ស៊ីបើកការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ក្នុងអ្វីដែលនឹកស្មានមិនដល់កាលពីបីខែមុន លោក ពូទីន បានគំរាមទៅដល់ប្រទេសលោកខាងលិចម្ដងហើយម្ដងទៀតអំពីសង្គ្រាមនុយក្លេអ៊ែរ។
នាពេលថ្មីៗនេះ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយវីដេអូដ៏ចម្លែកមួយ ដែលគំរាមកំហែងវាយប្រហារប្រទេសអង់គ្លេសជាមួយនឹងមីសុីលដែលមានល្បឿនលឿនជាងសំឡេង ដែលត្រូវបានគេស្គាល់ថា Satan-2 និង ដ្រូនគ្មានមនុស្សបើកក្រោមទឹក ដែលត្រូវបានគេស្គាល់ថា Poseidon ។
មីសុីល Satan-2 របស់រុស្សីត្រូវបានពិពណ៌នាដោយវិមានក្រឹមឡាំងថា “ក្នុងពេលបច្ចុប្បន្ន មិនមានប្រព័ន្ធការពាររបស់ប្រទេសណាមួយ អាចបញ្ឈប់វាបានឡើយ”។ Satan-2 ត្រូវបានរុស្សីចំណាយពេលផលិតជាយូរមកហើយ ដោយត្រូវបានចាត់ទុកថាជាអាវុធដ៏មានឥទ្ធិពលជាងគេនៅលើពិភពលោក៕