តេអេរ៉ង់៖ លោក Amir Ali Hajizadeh មេបញ្ជាការនៃកងកម្លាំងអវកាស IRGC បានប្រកាសថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) គ្រោងនឹងបាញ់បង្ហោះផ្កាយរណបបន្ថែមទៀត នៅឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Hajizadeh ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការថា “យើងនឹងដាក់ផ្កាយរណបថ្មី នៅក្នុងគន្លងតារាវិថី ជាមួយនាវាផ្ទុកផ្កាយរណប Qaem នៅឆ្នាំនេះ” ។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្រៅការជួបជុំរបស់ មេបញ្ជាការ IRGC ក្នុងរដ្ឋធានីតេអេរ៉ង់ថា កាលពីខែមីនា កងកម្លាំងអាកាសយានិករបស់ IRGC បានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ Noor-2 ដោយជោគជ័យ នៅរយៈកម្ពស់ ៥០០ គីឡូម៉ែត្រ ដោយប្រើយាន្ដ Qased ។
ផ្កាយរណប Noor-2 គឺជាផ្កាយរណបយោធាទីពីររបស់អ៊ីរ៉ង់ ដែលត្រូវបានបញ្ជូនទៅកាន់គន្លងផែនដីទាប បន្ទាប់ពីអ្នកកាន់តំណែងមុន Noor-1 ដែលត្រូវបានដឹកដោយគ្រាប់រ៉ុក្កែត Qased ក្នុងខែមេសា ឆ្នាំ២០២០ ទៅកាន់គន្លងដែលមានកម្ពស់ ៤២៥គីឡូម៉ែត្រ ពីលើផ្ទៃផែនដី៕ ប្រែសម្រួល ឈូក បូរ៉ា