ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញចិន កុំឲ្យគាំទ្រការ ឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំឱ្យគាំទ្រសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយលើកឡើងថា ពិភពលោកត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា “យើងមិនគិតថា នរណាម្នាក់គួរតែនៅក្រៅផ្ទះនោះទេ ពិភពលោកទាំងមូល គួរតែតម្រង់ជួរប្រឆាំងនឹង អ្វីដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើ ។ នេះមិនមែនជាពេល សម្រាប់អាជីវកម្មប្រភេទណាមួយដូចធម្មតា ជាមួយលោក ពូទីន នោះទេ” ។

មុននេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយលោក ពូទីន នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការសៀងហៃ នៅប្រទេសយូបេគីស្ថាន ។ វាគឺជាជំនួបផ្ទាល់លើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីរុស្ស៊ីបានឈ្លានពាន អ៊ុយក្រែនក្នុងខែកុម្ភៈ។

លោកពូទីន បានថ្លែងអំណរគុណ ចំពោះលោក ស៊ី សម្រាប់វិធីសាស្រ្ត “មានតុល្យភាព” របស់លោក ចំពោះវិបត្តិអ៊ុយក្រែន និងបានរិះគន់គោលនយោបាយ “អាក្រក់” របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងក្រោមបរាជ័យដ៏សំខាន់ សម្រាប់ទីក្រុងម៉ូស្គូ នៅលើសមរភូមិ។

លោកបានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពី “ការព្រួយបារម្ភ” ដែលមិនបានបញ្ជាក់ របស់ប្រទេសចិន ចំពោះអ៊ុយក្រែន ដោយលើកឡើងថា លោកយល់ពីការព្រួយបារម្ភ របស់លោក ស៊ី បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានទទួលរង នូវការខាតបង់ដ៏ធំ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន មិនបានលើកឡើង អំពី ប្រទេស អ៊ុយក្រែន ក្នុងសុន្ទរកថា សាធារណៈ របស់ លោកនោះទេ ហើយក៏មិន បានលើក ឡើងអំពីសង្គ្រាម ក្នុងរបាយការណ៍ របស់រដ្ឋាភិបាលចិន អំពីជំនួបរបស់មេដឹកនាំ ដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top