ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការ ជាផ្លូវការ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា “ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើង អាចជួលបានមានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀត ដោយការសម្រិតសម្រាំងបំផុត”។
លោក លាង ឃុន ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ជីប ម៉ុង រីថែល ក៏បានបន្ថែមទៀតថា “ការរចនាគឺផ្តោតសំខាន់លើការបញ្ចូល និងបន្ស៊ីគ្នារវាងសំណង់ បែបទំនើបនិងធម្មជាតិ ដើម្បីធានាថា អតិថិជនដែលមកកាន់ផ្សារទំនើបយើងមានអារម្មណ៍ ស្រស់ស្រាយ ទទួលបាននូវភាព រីករាយ ហើយយើងផ្ចិតផ្ចង់ ធ្វើយ៉ាងណាសោភ័ណ្ឌភាព របស់ផ្សារទំនើបមួយនេះ សាកសមជាផ្សារទំនើបដែលស្ថិតនៅ ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ផងដែរ ដែលអគារ ពាណិជ្ជកម្មមួយនេះ មិនត្រឹមតែចូលរួមលើកសម្រស់ រាជធានីភ្នំពេញមួយ កម្រិតប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើត ការងារសម្រាប់ ប្រជាពលរដ្ឋជាច្រើនតាំង ពីកំពុងសាងសង់ រហូតដល់សង់រួច”។
ក្រុមហ៊ុន ជីប ម៉ុង រីថែល វិនិយោគលើ គម្រោងទាំងអស់ របស់ខ្លួនគិតជាទឹកប្រាក់ សរុបចំនួន៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាងសង់ និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស៕