ល្វាឯម៖នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់យុវជនស្រុកល្វាឯម អាយុក្រោម២២ឆ្នាំប្រចាំឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភទាំងស្មារតីសម្ភារៈ និងថវិកា អំពីសំណាក់ លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋា នស្រុកល្វាឯម ទទួលបន្ទុកការងារយុវជន និងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាស្រុកល្វាឯម ។
ការប្រកួតពានរង្វាន់យុវជនអាយុ ២២ ឆ្នាំ ដើម្បីអបអរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ ដែលជាគំនិតផ្តួចផ្តើមរបស់លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមផ្ទាល់ ក្នុងការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុតពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល។
ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព យុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៥ ក្រុមបែងចែកចេញជា៤ពូល ដែលប្រព្រឹត្តិនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងតែម្តង។
ចំពោះក្រុមទំាង១៥មកពីឃុំទំាង១៥ មកនៅស្រុកល្វាឯមសម្រាប់ពូល A រួមមានក្រុមបាល់ទាត់ភូមិទឹកឃ្លាំង ក្រុមបាល់ទាត់យុវជនឃុំបឹងគ្រំ និងក្រុមបាល់ទាត់ យុជនឃុំបារ៉ុង ពូល និង“B” ក្រុមបាល់ទាត់យុវជនឃុំសារិកាកែវ ក្រុមបាល់ទាត់យុវជនឃុំថ្មគរ ក្រុមបាល់ទាត់យុវជនឃុំព្រែករៃ និងក្រុមបាល់ទាត់ឃុំពាមឧកញ៉ាអុង
លោកបានបន្តថា ពូល “C”ក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី(ឃុំទឹកឃ្លាំង) ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះរះ និងក្រុមបាល់ទាត់យុវជនឃុំភូមិធំ ពូល “D” ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះកែវ។ សម្រាប់ថ្ងៃបើកការប្រកួតជាផ្លូវការ ក្រុមបាល់ទាត់ភូមិទឹកឃ្លាំង ប៉ះក្រុមបាល់ទាត់ យុជនឃុំបារ៉ុងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅទីលានបាល់ទាត់វិទ្យាល័យទឹកឃ្លាំង ។
សម្រាប់ការប្រកួតនៅថ្ងៃបើកឆាកដំបូង ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង បានយកឈ្នះក្រុមបាល់ទាត់ យុវជនឃុំបារ៉ុងលទ្ធផល ៣ទល់នឹង២ ក្រុមបាល់ទាត់យុវជនឃុំសារិកាកែវគ្គ៨ បានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំពាមឧកញ៉ាអុង លទ្ធផល ២ទល់នឹង០៕ ដោយ៖លី ភីលីព