បរទេស៖ សារព័ត៌មាន Politico បានស្រង់ប្រភពពីមន្ត្រីអាមេរិក ដែលបានបង្ហាញថា សហរដ្ឋអាមេរិកអាចនឹង ចាប់ផ្តើមហ្វឹកហាត់ទាហានអ៊ុយក្រែន នៅលើដីរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីអរិភាពជាមួយរុស្ស៊ីបានផ្ទុះឡើង។ មន្ត្រីរូបនោះបាននិយាយថា វាសមហេតុផលក្នុងការបង្រៀនពួកគេ ពីរបៀបដំណើរការប្រព័ន្ធមីស៊ីល Patriot នៅលើទឹកដីអាមេរិក ផ្ទុយពីមូលដ្ឋានយោធាអាមេរិកនៅអឺរ៉ុប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យា ផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវ ប្រព័ន្ធប្រឆាំងមីស៊ីលរយៈចម្ងាយ ឆ្ងាយកម្រិតខ្ពស់ MIM-104 Patriot ដែលតម្រូវឱ្យមានបុគ្គលិក ដែលបានទទួលការបណ្តុះបណ្តាល ជាច្រើនដើម្បីប្រតិបត្តិការ។ វគ្គបណ្តុះបណ្តាលជាធម្មតា ចំណាយពេលច្រើនខែដើម្បីបញ្ចប់។
សេតវិមានអាមេរិកបានបង្ហាញ កាលពីសប្តាហ៍មុនថា ការបណ្តុះបណ្តាលដល់អ៊ុយក្រែន អំពីរបៀបដំណើរការប្រព័ន្ធនឹង ប្រព្រឹត្តទៅនៅក្នុងប្រទេសទីបី ប៉ុន្តែប្រភព Politico បាននិយាយថា វាពិតជាអាចកើតឡើង នៅលើទឹកដីសហរដ្ឋអាមេរិក យ៉ាងហោចណាស់ផ្នែកខ្លះ ៕
ប្រែសម្រួលៈ ណៃ តុលា