ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ៖ ប្រទេសអ៊ីតាលី មិនអាចក្លាយជាអ្នកសម្រុះសម្រួល នៅក្នុងជម្លោះដែលកំពុងបន្ត រវាងរុស្ស៊ី និងអ៊ុយក្រែន បាននោះទេ

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីតាលីមិនអាចក្លាយជា អ្នកសម្រុះសម្រួល នៅក្នុងជម្លោះដែលកំពុងបន្ត រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បាននោះទេ។ ការលើកឡើងនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមមុន ដែលបានបញ្ចេញដោយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រសួងថា “វាជារឿងចម្លែកសម្រាប់ពួកយើង ក្នុងការស្តាប់សំណើសម្រុះសម្រួល ពីប្រទេសនានាដែលបានប្រកាន់ជំហរប្រឆាំងរុស្ស៊ី ដែលមិនច្បាស់លាស់ និងឈ្លានពានតាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធានៅអ៊ុយក្រែន” មក។

អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា ទីក្រុងរ៉ូមគឺស្ថិតក្នុងចំណោមអ្នកដែលបានគាំទ្រ ដោយបើកចំហរទៅលើទីក្រុងគៀវ ហើយបានផ្គត់ផ្គង់យ៉ាងសកម្មនូវ “អាវុធដ៏ធំទូលាយ” ជាមួយនឹងមីនប្រឆាំងមនុស្សនៅក្នុងបញ្ជី។ លោកស្រីបានបន្ថែមថា “សកម្មភាពដែលមិនប្រុងប្រយ័ត្នបែបនេះ គ្រាន់តែបង្កើនចំនួនអ្នកស្លាប់ និងរបួសរួមទាំងក្នុងចំណោមជនស៊ីវិល” និងពន្យារពេលនៃការបញ្ចប់ជម្លោះ ថែមទៀតផង។

ជាងនេះទៅទៀត លោកស្រី Zakharova បានព្រមានថា ការផ្គត់ផ្គង់អាវុធបន្ថែមទៀត ដល់អ៊ុយក្រែនក៏អាចធ្វើឱ្យអ្នកគាំទ្រណាតូ របស់ទីក្រុងគៀវមានហានិភ័យ ក្នុងការជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងជម្លោះយោធាជាមួយរុស្ស៊ីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកឧបត្ថម្ភរបស់អ៊ុយក្រែន ទំនងជាមិនមានផែនការបញ្ឈប់ ការចែកចាយនោះទេ ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top