ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្ដី​បន្ទោស​អាមេរិក​ថា អនុវត្ដ​គោលនយោបាយ​ខុស ចំពោះ​ការ​ចរចា​នុយក្លេអ៊ែរ

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានស្តីបន្ទោសសហរដ្ឋអាមេរិកថា “ការគណនាខុស និងគោលនយោបាយខុស” សម្រាប់ការធ្វើឱ្យមានភាពជាប់គាំង បច្ចុប្បន្នលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥។

ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថាលោក Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាទៅកាន់ផ្នែក កម្រិតខ្ពស់នៃសន្និសីទ ស្តីពីការរំសាយអាវុធ នៅក្នុងទីក្រុងហ្សឺណែវ របស់ប្រទេសស្វីស។

ប្រសិនបើភាគីទាំងអស់មាន “ការប្តេជ្ញាចិត្ត និងសុច្ឆន្ទៈ” បញ្ហាលេចធ្លោមួយចំនួនអាចត្រូវបានដោះស្រាយដោយគ្មានលក្ខខណ្ឌណាមួយ និងនៅក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សាមុន ដូច្នេះអាចឱ្យភាគីនានាអាចឈានទៅដល់ “ជំហានចុងក្រោយ”។

លោកបានលើកឡើងថា សហរដ្ឋអាមេរិកចាំបាច់ត្រូវមាន “ឆន្ទៈ និងកម្លាំង ដើម្បីបញ្ចប់កិច្ចចរចាដ៏វែងឆ្ងាយ” ដោយលោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចចរចារហូតដល់ការបញ្ចប់ នៃកិច្ចព្រមព្រៀងមួយ។

លោក Amir-Abdollahian បានលើកឡើងថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងនៅតែមាន “សន្តិភាព” ហើយទីក្រុងតេអេរ៉ង់ ប្តេជ្ញាបន្តប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងការពារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកក៏បានព្រមានប្រឆាំង នឹងសកម្មភាពណាមួយ ដែលត្រូវធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងខែមីនាខាងមុខ ដោយថា អ៊ីរ៉ង់រក្សាសិទ្ធិក្នុងការឆ្លើយតបតាមនោះ។រដ្ឋមន្ត្រីអ៊ីរ៉ង់ បានឲ្យដឹងថា ដំណោះស្រាយបច្ចេកទេសគឺ អាចឈានដល់ប្រសិនបើ IAEA បញ្ឈប់វិធីសាស្រ្តដែលជំរុញ ដោយនយោបាយរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួន លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយកាត់បន្ថយការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕

Most Popular

To Top