ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ប្រកាសបង្កើនការផលិតគ្រាប់រំសេវ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តសំណើរ ដើម្បីបង្កើនការផលិតគ្រាប់រំសេវ ដើម្បីជួយដល់អ៊ុយក្រែន និងដោះស្រាយការខ្វះខាតក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលការប្រកាសនេះ ធ្វើឡើងក្នុងគ្រាដែលប្រទេសអ៊ុយក្រែន កំពុងរងគ្រោះខ្លាំងនៃសង្គ្រាមឈ្លានពាន ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។

ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បាននិយាយថា ថវិកាចំនួនមួយពាន់លានអឺរ៉ូ ត្រូវបានបែងចែកទៅឱ្យច្បាប់គាំទ្រការផលិតគ្រាប់រំសេវ (ASAP) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ពាក់កណ្តាលនៃមូលនិធិនឹងមកពីថវិកាសហភាពអឺរ៉ុប ខណៈដែលពាក់កណ្តាលទៀតនឹងមកពីការផ្តល់ហិរញ្ញប្បទានបន្ថែម។ គណៈកម្មការបានឲ្យដឹងថា ASAP គឺជាផ្នែកមួយនៃផែនការ ៣ ផ្លូវដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ខណៈពេលដែលធ្វើឱ្យប្រាកដថា ស្តុកគ្រាប់រំសេវរបស់សហភាពអឺរ៉ុប មិនត្រូវបានបាត់បង់។

ច្បាប់នេះ “នឹងពង្រឹងការឆ្លើយតប និងសមត្ថភាពនៃឧស្សាហកម្មការពារសហភាព ដើម្បីធានាការផ្គត់ផ្គង់គ្រាប់រំសេវ និងកាំជ្រួចទាន់ពេលវេលានៅក្នុងប្លុកអឺរ៉ុប”។ ASAP រួមបញ្ចូលឧបករណ៍ ដែលនឹងជួយជៀសវាងការស្ទះ និងការខ្វះខាត និងក្របខ័ណ្ឌបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់។

ការគាំទ្រផ្នែកហិរញ្ញវត្ថុក្រោមសំណើនេះ រួមមានជំនួយឧបត្ថម្ភដល់ឧស្សាហកម្មការពារជាតិអឺរ៉ុប ក្នុងការបង្កើនសមត្ថភាពផលិតរបស់ខ្លួន។ផែកការបង្កើននេះក៏អាចត្រូវបានបង្កើតឡើងផងដែរ ដើម្បីជួយដល់ខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់រំសេវ និងមីស៊ីល ក្នុងការទទួលបានហិរញ្ញប្បទានទាំងសាធារណៈ និងឯកជន។

ដើម្បីកំណត់អត្តសញ្ញាណ តាមដាន និងប្រមើលមើលការរាំងស្ទះ និងការខ្វះខាត គណៈកម្មការអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប នឹងធ្វើសមយុទ្ធគូសផែនទី ដើម្បីតាមដានជានិច្ចនូវភាពអាចរកបាននៃគ្រាប់រំសេវ មីស៊ីល និងសមាសធាតុរបស់វា៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top