ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្កើនការនាំចេញប្រេង ទៅកាន់ឥណ្ឌា ១៩ដង ក្នុងឆ្នាំ២០២២

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានឲ្យដឹងថា ការនាំចេញប្រេងពីរុស្ស៊ីទៅឥណ្ឌា បានកើនឡើង ១៩ដង និងមានចំនួន ៤១លានតោនក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទិនានុប្បវត្តិថាមពល លោក Novak បានហៅគោលនយោបាយថាមពលបច្ចុប្បន្នរបស់រុស្ស៊ីថា “ងាកទៅខាងកើត” ។

លោកបានកត់សម្គាល់ថានៅក្នុងខែឧសភា ឆ្នាំ២០២២ ការផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ីទៅកាន់បណ្តាប្រទេសអាស៊ី មានលើសពីបរិមាណដែលបានបញ្ជូនទៅអឺរ៉ុប ជាលើកដំបូង។ នៅឆ្នាំ២០២២ ការនាំចេញប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសជាមិត្តបានកើនឡើង ៧៦ភាគរយ ហើយការនាំចេញផលិតផលប្រេងបានកើនឡើង ២០ ភាគរយ។

ដូចដែលលោកបានលើកឡើង ប្រទេសរុស្ស៊ីបានប្តូរទិសដៅប្រេង និងផលិតផលប្រេងជិត ៤០ លានតោនពីទីផ្សារលោកខាងលិច ទៅកាន់ទីផ្សារភាគខាងកើតកាលពីឆ្នាំមុន។

លោក Novak បានលើកឡើងថា រដ្ឋាភិបាលរុស្ស៊ីកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីបង្កើនការនាំចេញថាមពលទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅឆ្នាំ២០២៦ សមត្ថភាពនៃបំពង់បង្ហូរប្រេងសំខាន់ៗដែលនាំទៅដល់អាស៊ីត្រូវបានគេគ្រោងនឹងពង្រីក ៣២លានតោន ហើយបំពង់បង្ហូរប្រេងសរុបចំនួន ៦០០គីឡូម៉ែត្រនឹងត្រូវបានសាងសង់។

គម្រោង​ក៏​កំពុង​ត្រូវ​បាន​អនុវត្ត​ផង​ដែរ​ដែល​នឹង​អនុញ្ញាត​ឱ្យ​រុស្ស៊ី​អាច​នាំ​ចេញ​ឧស្ម័ន​តាម​បំពង់​បាន​រហូត​ដល់​ទៅ 100 ពាន់​លាន​ម៉ែត្រ​គុប​ទៅ​ភាគ​ខាង​កើត៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top