បច្ចេកវិទ្យា

ក្រុមហ៊ុន Suzuki រួមដៃគ្នាជាមួយក្រុមហ៊ុន SkyDrive ផលិតរថយន្តបើកបរលើអាកាសនៅឆ្នាំ២០២៤

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Suzuki Motor Corp បានឲ្យដឹងថា ខ្លួនបានយល់ព្រមជាមួយនឹងក្រុមហ៊ុនជប៉ុន SkyDrive Inc. ដើម្បីរួមដៃគ្នាចាប់ផ្តើមផលិតរថយន្តបើកបរនៅលើអាកាស បាននៅនិទាឃរដូវឆ្នាំ២០២៤ ខណៈក្រុមហ៊ុននេះមានគោលបំណង នាំមុខគេនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនខ្លាំង ។

រថយន្តបើកបរលើអាកាសបាន គឺជាប្រភេទរថយន្តដែលមានសមត្ថភាព ហោះចេញដោយត្រង់បញ្ឈរ និងចុះចតដោយប្រើស្លាបចក្រជាច្រើន ហើយយានជំនិះជាធម្មតាសំដៅសម្រាប់ដឹកមនុស្សមួយចំនួនតូច ដោយម៉ូដែលខ្លះក៏ត្រូវបានបំពាក់សម្រាប់ប្រើប្រាស់នៅលើដីគោកផងដែរ ។

ក្រុមហ៊ុន SkyDrive នឹងបង្កើតសាខាផលិតកម្មដែលគ្រប់គ្រងដោយការដំឡើងរថយន្តដោយប្រើរោងចក្ររបស់ក្រុម Suzuki នៅក្នុងខេត្ត Shizuoka ភាគកណ្តាលនៃប្រទេសជប៉ុន ។

ការបង្ហាញរបស់វិចិត្រករម្នាក់អំពីរថយន្តអាចហោះ បានដោយមានកៅអីសម្រាប់មនុស្ស៣នាក់ ។

គួរបញ្ជាក់ថា ចំពោះការប្រកាសនេះគឺបានធ្វើឡើងមួយថ្ងៃ ក្រោយពីក្រុមហ៊ុន SkyDrive ដែលជាក្រុមហ៊ុនចាប់ផ្តើមបង្កើតរថយន្តអាចហោះបាន ដែលឈានមុខគេនៅក្នុងប្រទេសជប៉ុន ដោយបានបង្ហាញនៅក្នុងកម្មវិធី Paris Airshow នូវផែនការផ្លាស់ប្តូរ នៃការរចនារថយន្តរបស់ខ្លួនដែលកំពុងអភិវឌ្ឍ ដូច្នេះរថយន្តហោះនោះអាចផ្ទុកមនុស្សបាន៣នាក់ជំនួសឱ្យមនុស្សព២នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top