ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង សង្កត់ធ្ងន់ លើការពង្រឹងអភិបាលកិច្ចយោធាគ្រប់ជ្រុងជ្រោយ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងអភិបាលកិច្ចយោធាគ្រប់ជ្រុងជ្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ធ្វើជាអធិបតីក្នុងសម័យប្រជុំសិក្សាជាក្រុម នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម CPC កាលពីថ្ងៃច័ន្ទ លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាមួយនឹងអភិបាលកិច្ចកម្រិតខ្ពស់។
សម័យប្រជុំ​ត្រូវ​បាន​ប្រជុំ​នៅ​មុន​ថ្ងៃ​ទិវា​កងទ័ព​របស់​ចិន ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី០១ ខែ​សីហា។

យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យយោធារបស់ប្រទេស នៅចុងឆ្នាំ២០២០ ត្រៀមខ្លួន ដើម្បីទប់ទល់នឹងសង្រ្គាម ដែលអាចកើតមានចំពេលមានជម្លោះរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច ដោយបង្ហាញទស្សនៈរបស់លោកថា ការធ្លាក់ចុះដែលមិនអាចជៀសបាននៃសហរដ្ឋអាមេរិក និងអឺរ៉ុប​បានចាប់ផ្តើមហើយ។

លោក ស៊ី បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំបិទទ្វារ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចថា ប្រសិនបើជម្លោះក្នុងតំបន់កើតឡើង និងបន្ត វាអាចរាលដាលដល់តំបន់កាន់តែទូលំទូលាយ ទោះបីជាលោកបានបដិសេធលទ្ធភាពនៃសង្គ្រាមលោកមួយទៀតក៏ដោយ នេះបើយោងតាមឯកសារដែលបានចេញកាលពីខែមិថុនា ឆ្នាំមុនបានបង្ហាញ។

ឯកសារដែលបង្ហាញពីសុន្ទរកថារបស់លោក ស៊ី នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៃគណៈកម្មការ ដែលលោកជាប្រធានត្រូវបានប្រើប្រាស់ជាសៀវភៅសិក្សា សម្រាប់មន្ត្រីជាន់ខ្ពស់នៃយោធា និងគណបក្ស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ទោះបីជាថ្មីៗនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក បាននឹងកំពុងពន្លឿនកិច្ចពិភាក្សា ដើម្បីលុបបំបាត់ភាពតានតឹងលើបញ្ហាជាច្រើនក៏ដោយ ឯកសារបង្ហាញថា ទីក្រុងប៉េកាំងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពនៃការប៉ះទង្គិចគ្នាខាងយោធា។

ទំនាក់ទំនងចិន-អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅខែធ្នូ ឆ្នាំ២០២០ ដោយរដ្ឋបាលរបស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ នាពេលនោះបានបង្កើនការរិះគន់ប្រឆាំងនឹងប្រទេសចិន ជុំវិញការរីករាលដាល នៃមេរោគកូវីដ ដែលត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ២០១៩ នៅទីក្រុងវូហាន កណ្តាលប្រទេសចិន។

នៅក្នុងកិច្ចប្រជុំនេះ លោក ស៊ី បានសំដៅទៅលើការចុះខ្សោយ នៃឥទ្ធិពលរបស់លោកខាងលិច ផ្ទុយទៅនឹងអំណាច ដែលកំពុងកើនឡើងរបស់ប្រទេសចិន ដោយបញ្ជាក់ថា “បូព៌ាកំពុងកើនឡើង ហើយលោកខាងលិចកំពុងធ្លាក់ចុះ” ហើយចាត់ទុកវាជា “និន្នាការប្រវត្តិសាស្ត្រ” ។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំកំពូលចិន រូបនេះ បានឲ្យដឹងថា ស្ថានភាពដែលលោកខាងលិច មានគុណសម្បត្តិប្រកួតប្រជែង “ជាមូលដ្ឋាននៅតែមិនផ្លាស់ប្តូរ” ដោយសំដៅទៅលើហានិភ័យ ដែលមិនអាចជៀសបាន នៃការប៉ះទង្គិចគ្នារវាងប្រទេសលោកខាងលិច និងប្រទេសចិន ដែលបាននិងកំពុងពង្រឹងអំណាចយោធា និងសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមឯកសារនោះ លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់យោធាចិន ដើម្បី “ត្រៀមខ្លួនសម្រាប់ការផ្ទុះសង្រ្គាម និងប្រតិកម្មសង្វាក់របស់ខ្លួន” ដោយបញ្ជាឱ្យកងកម្លាំង “ត្រៀមខ្លួនជានិច្ច សម្រាប់ការប្រយុទ្ធ” ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។

ការអត្ថាធិប្បាយរបស់គាត់ត្រូវបានគេជឿថា ត្រូវបានធ្វើឡើងនៅក្នុងការសញ្ជឹងគិតអំពីភាពអាសន្នរបស់តៃវ៉ាន់។
ប្រទេសចិន ដែលចាត់ទុកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តដែលបោះបង់ចោល ដើម្បីបង្រួបបង្រួមជាមួយដីគោកដោយកម្លាំងប្រសិនបើចាំបាច់នោះ ថ្មីៗនេះបានបង្កើនសម្ពាធយោធាលើទឹកដីនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

រូបភាពពី៖​ XINHUA

Most Popular

To Top