អាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន អវកាស SpaceX បាននិយាយថា ក្រុមហ៊ុនរបស់លោកមិន ត្រូវបានអនុញ្ញាត ឲ្យផ្តល់ការគ្រប ដណ្តប់នៅក្នុងតំបន់ នោះឡើយ ដោយសារតែការ ដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសរុស្ស៊ី យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានអះអាងថា ក្រុមហ៊ុនរបស់លោក បានបដិសេធមិនបើកការ គ្របដណ្តប់លើ Starlink ជុំវិញតំបន់គ្រីមៀ ដើម្បីកុំឲ្យដំណើរការខុសនឹងបទប្បញ្ញត្តិ ដែលកំណត់ដោយសហរដ្ឋអាមេរិក ។
មហាសេដ្ឋីរូបនេះបានរងការ រិះគន់កាលពី សប្តាហ៍មុន បន្ទាប់ពី CNN បានរាយការណ៍ថា ការបដិសេធរបស់លោក Musk ក្នុងការបើកសញ្ញា Starlink នៅលើឧបទ្វីបរុស្ស៊ីបានរារាំង ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនប្រឆាំង នឹងកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ីកាលពីឆ្នាំមុន ។
ដោយបង្ហាញខ្លួនតាមរយៈតំណភ្ជាប់វីដេអូនៅសន្និសីទបច្ចេកវិទ្យា All-In Summit 2023 នៅទីក្រុង Los Angeles កាលពីថ្ងៃអង្គារ លោក Musk ត្រូវបានសួរថា ហេតុអ្វីបានជាគាត់ធ្វើការសម្រេចចិត្តនោះ។ នាយកប្រតិបត្តិ SpaceX បានចាប់ផ្តើមដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក បានផ្តល់ការ តភ្ជាប់ Starlink ទៅកាន់អ៊ុយក្រែន ចាប់តាំងពីការ ចាប់ផ្តើមនៃជម្លោះយោធាជាមួយ រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។
លោកបានបន្ថែមថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានទទួលស្គាល់ជាច្រើនដងថា សេវាកម្មនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការវាយលុក របស់ទីក្រុងម៉ូស្គូ។ បន្តទៅសំណួរអំពី Crimea លោក Musk បានពន្យល់ថា នៅពេលដែលវាបានកើតឡើង តំបន់ជុំវិញ Crimea ពិតជាត្រូវបានបិទ ៕ដោយ៖លី ភីលីព