ម៉ិកស៊ិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ផ្នូរបុរាណដែលអាចមានអាយុជាង ១០០០ឆ្នាំត្រូវបានគេរកឃើញក្នុងអំឡុងពេលសាងសង់គម្រោងរថភ្លើង Maya ដែលមានតម្លៃរាប់ពាន់លានដុល្លារនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក។
វិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្តិសាស្ត្រ (INAH) បាននិយាយថា ក្រុមបុរាណវិទូម៉ិកស៊ិកថ្មីៗនេះ បានរកឃើញគ្រោងឆ្អឹងតុបតែងយ៉ាងសម្បូរបែបនៅក្នុងផ្នូរដោយគិតថា មានអាយុកាលជាង១០០០ ឆ្នាំ។ ការរកឃើញនេះត្រូវបានធ្វើឡើងដោយរួមបញ្ចូលគ្នាជាមួយនឹងគម្រោងរថភ្លើង Maya គ្រោងសម្រាប់ភាគខាងត្បូងប្រទេសម៉ិកស៊ិក ដែលនឹងរួមបញ្ចូលសណ្ឋាគារថ្មីៗនៅតាមផ្លូវរបស់វា។
ផ្នូរត្រូវបានរកឃើញនៅ Palenque របស់ប្រទេសម៉ិកស៊ិក ជាកន្លែងមួយ នៃអរិយធម៌ Maya បុរាណដ៏ធំបំផុត និងទំនើបបំផុតនៃទីក្រុង ហើយមានប្រាសាទខ្ពស់ៗ ក៏ដូចជាបរិវេណវិមានដ៏ធំល្វឹងល្វើយ។ ទីក្រុងនេះមានសកម្មភាពខ្លាំងបំផុតនៅចន្លោះឆ្នាំ ៣០០ និង ៩០០ នៃគ.ស។
គ្រោងឆ្អឹងត្រូវបានគេរកឃើញក្នុងប្រអប់ថ្មបិទជិតដោយបន្ទះថ្មកំបោរ ដែលផ្ទុកនូវកាប៉ាល់សេរ៉ាមិចចំនួន៣ ខ្សែត្រចៀក និងអង្កាំថ្មបៃតងមួយគូ ហើយគ្រោងឆ្អឹងតុបតែងត្រូវបានគេគិតថា ជារបស់សមាជិកវរជននៃទីក្រុង។ យោងតាមនាយក INAH លោក Diego Prieto Hernández ថា បុគ្គលនោះត្រូវបានគេកប់ដោយផ្អៀងមុខ ដោយក្បាលរបស់ពួកគេបែរមុខទៅទិសខាងជើង។ ក្រុមមួយនឹងធ្វើការធ្វើតេស្តបន្ថែមទៀតដើម្បីវាយតម្លៃថា តើបុគ្គលនោះបានស្លាប់នៅពេលណា ក៏ដូចជាលក្ខណៈដែលអាចកើតមានផ្សេងទៀត។
គម្រោងរថភ្លើង Maya កំពុងត្រូវបានរៀបចំឡើងជាផ្នែកមួយដើម្បីជួយអ្នកទេសចរចូលទៅកាន់ទីតាំងបុរាណ Mayan ក៏ដូចជារមណីយដ្ឋានឆ្នេរដូចជា Cancun និង Tulum ។ វាគឺជាអាទិភាពសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador ហើយអ្នកបុរាណវត្ថុវិទូ និងអ្នកអភិរក្សកំពុងនឿយហត់ក្នុងការបញ្ចប់ការជីកកកាយរបស់ពួកគេ ដូច្នេះការសាងសង់លើគម្រោងនេះនឹងមិនមានការពន្យារពេលឡើយ។
ផ្លូវរថភ្លើងនឹងមានប្រវែងប្រហែល ១៥៥៤ គីឡូម៉ែត្រហើយនឹងរត់កាត់រដ្ឋ Tabasco, Chiapas, Campeche, Yucatán និង Quintana Roo ។ វានឹងរួមបញ្ចូលសណ្ឋាគារថ្មីចំនួន៦ រួមទាំងសណ្ឋាគារមួយនៅ Palenque, Chiapas ហើយផ្លូវដែកត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ២៧៧ពាន់លានដុល្លារ (៤៨០ពាន់លានប៉េសូ) គ្រោងនឹងបើកនៅក្នុងខែធ្នូ៕ ដោយ៖លី ភីលីព