កីឡា

លោក វ៉ាត់ ចំរើន ៖ កីឡាលើកទម្ងន់កម្ពុជា ត្រូវមានក្តីស្រមៃ ចង់ឈ្នះមេដាយ អូឡាំពិកហ្គេម នាថ្ងៃណាមួយ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានបណ្តុះគំនិតឱ្យគ្រូបង្វឹក លើកទម្ងន់ទាំងអស់ត្រូវស្វែងរក សង្កេតមើលធនធាន កីឡាករ កីឡាការិនី ដើម្បីសម្រួចទៅរកក្តីស្រមៃ ចង់ឈ្នះមេដាយអូឡាំពិកហ្គេម នៅថ្ងៃណាមួយ ពីព្រោះក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា មិនធ្លាប់ឈ្នះមេដាយព្រឹត្តិការណ៍ កីឡាអូឡាំពកហ្គេមនោះទេ ។

នេះជាការបណ្តុះស្មារតីរបស់ ឯកឧត្តម វ៉ាត់ ចំរើន ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកលើកទម្ងន់អន្តរជាតិ កម្រិត១ រយៈពេល៥ថ្ងៃនេះ ដោយបានបិទ បញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ដើម្បីឱ្យប្រភេទ កីឡាលើកទម្ងន់កម្ពុជា អាចមានធនធានកីឡាករ កីឡាការិនីប្រកប ដោយ គុណភាព ឬជាមនុស្សពិសេស អស្ចារ្យបែបនេះបាន វាអាស្រ័យលោកគ្រូ អ្នកគ្រូទាំងអស់ចេញ សង្កេត ស្វែងរកធនធាននៅតាមបណ្តា ខេត្តនានា ដែលខ្លួនកំពុងបង្វឹក ហើយលើកបញ្ហាទាំងនោះ មកពិភាក្សាជា មួយសហព័ន្ធ ដើម្បីបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីទាំងនោះ ឱ្យមានគុណភាពល្អ សម្រួចគោលដៅឱ្យសម្រេច តាមក្តីស្រមៃរបស់យើង នាថ្ងៃអនាគត ។

ចាប់ពីពេលនេះតទៅ យើងចង់ឱ្យមានក្តីស្រមៃ មួយទាំងអស់គ្នាថា យើងចង់បានកីឡាករ ឬកីឡាការិនីលើកទម្ងន់យើងម្នាក់ ឈ្នះមេដាយអូឡាំពិកហ្គេម នៅថ្ងៃណាមួយមុនគេ ពីព្រោះក្នុងប្រវត្តិសាស្រ្តកីឡា ខ្មែរយើង មិនធ្លាប់ឈ្នះមេដាយណាមួយ ក្នុងកម្រិតអូឡាំ ពិកហ្គេម ដែលជាការប្រកួតកម្រិតខ្ពស់បំផុត របស់ពិភពលោកនោះទេ ។ ដូចនៅប្រទេសថៃ មានកូនស្រីខ្មែរ សុរិន្ទម្នាក់ បានឈ្នះមេដាយកីឡា លើកទម្ងន់ ក្នុងអូឡាំពិកហ្គេម មុនគេ ក្នុងការប្រកួតអូឡាំពិកហ្គេម នៅទីក្រុងស៊ីដនី ប្រទេសអូស្រាលី កន្លងទៅ ដោយកីឡាការិនីខ្មែរសុរិន្ទ នោះកើតចេញ ពីគ្រួសារក្រីក្រ ។ ដូច្នេះកម្ពុជា យើងក៏មានឱកាសស្វែង រកធនធានបែបនេះដែរ ហើយយើងទាំងអស់គ្នា នាំគ្នាដើរទៅរកក្តីស្រមៃ របស់យើង ក្នុងការស្វែងរកមនុស្សចម្លែក ឬមនុស្សអច្ឆរិយណាមួយ ឬជាមនុស្សស្រី ប៉ុន្តែមានកម្លាំង ឆន្ទៈដូចបុរស ។

លោក វ៉ាត ចំរើន ក៏ស្នើសុំឱ្យសិក្ខាកាម ជាគ្រូបង្វឹកដែលបានឆ្លងកាត់វគ្គលើកទម្ងន់អន្តរជាតិ ជាលើកដំបូងនេះត្រូវរួបរួមគ្នា ស្រឡាញ់គ្នា ក្នុងស្មារតីលះបង់ខ្ពស់ ដើម្បីជួយជ្រោងការអភិវឌ្ឍវិស័យកីឡាលើកទម្ងន់កម្ពុជាឱ្យបានរីកចម្រើនផងដែរ។
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកលើក ទម្ងន់អន្តរជាតិ រយៈពេល៥ថ្ងៃនេះ បង្រៀនដោយលោក AVEENESH PANDOO សមាជិកគណៈកម្មការគ្រូបង្វឹក របស់សហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ ។ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ស្នើសុំរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាលើកទម្ងន់អន្តរជាតិ កម្រិតទី១ នាពេលនេះដែលមាន ត្រូវចំណាយ សំបុត្រយន្តហោះគ្រូឧទ្ទេស មធ្យោបាយដឹកជញ្ជូន ក្នុងស្រុក ការស្នាក់នៅ ហូបចុក និងកម្លៃចែករំលែកមេរៀន ដើម្បីអភិវឌ្ឍធនធានមនុស្ស ពិសេសគឺគ្រូបង្វឹកកម្រិតជំនាញ ដែលវគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាម ២៦នាក់ ស្រី៧នាក់ មកពីរាជធានី-ខេត្ត ចំនួន ៥ គឺភ្នំពេញ ១៥នាក់ (អង្គភាពនគរបាល៣នាក់) ខេត្តសៀមរាប ០៤នាក់ ខេត្តបាត់ដំបង ០៤នាក់ ខេត្តកំពង់ចាម ០២នាក់ និងខេត្តកែប ០១នាក់ ។

ជាការកត់សម្គាល់ លោកអគ្គលេខាធិការរូបនេះ គូសបញ្ជាក់ទៀតថា សិក្ខាសាលានេះមានការចូលរួមយ៉ាងសកម្មផុសផុល និងយកចិត្តទុក ដាក់ស្តាប់ ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ដោយមានការ ចែករំលែកបទពិសោធន៍ ចំណេះដឹងឲ្យគ្នា ទៅវិញ ទៅមកធ្វើឲ្យលោក លោកស្រីជាគ្រូបង្វឹក មានសមត្ថភាពក្នុងការត្រួតពិនិត្យ វាយតម្លៃ និងគ្រប់គ្រងលើការបង្ហាត់ និងហាត់របស់អត្តពលិកកីឡាលើកទម្ងន់ នាពេលអនាគត ។ ជាការរួមចំណែកអនុវត្តនូវផែនការ គោលនយោបាយជាតិ យុវជនម្នាក់លេងកីឡាមួយ ប្រភេទប្រចាំជីវិត និងផលិតបាននូវកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់បញ្ជូន ចូលរួមប្រកួតនានា ជាប្រយោជន៍ដល់សហព័ន្ធ និងជាតិទាំងមូល ។ ជាលទ្ធផលទទួលបាន សិក្ខាកាមទទួល បានលទ្ធផលល្អ ៤៧% ស្មើនឹង ១៤នាក់, ល្អបង្គួរ ៣៥%ស្នើនឹង០៧នាក់ និងមធ្យម ២៣%ស្មើនឹង០៥នាក់ ៕

Most Popular

To Top