ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា កើនឡើង ដល់ទៅជាង៣០.០០០នាក់ហើយ

Xinhua

ហ្គាហ្សា៖ កាលពីថ្ងៃសុក្រ ក្រសួងសុខភាព ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង ដល់៣០.២២៨នាក់ ខណៈដែលយោធាអ៊ីស្រាអ៊ែល បានសម្លាប់មនុស្ស ចំនួន១៩៣នាក់គិតក្នុង រយៈពេល២៤ម៉ោងកន្លងមកនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងខាងលើបានដាក់ថា ពលរដ្ឋប៉ាឡេស្ទីនចំនួន៧១.៣៧៧នាក់ បានរងរបួសនៅក្នុងតំបន់ឆ្នេរសមុទ្រនេះ ចាប់តាំងពីមានការផ្ទុះឡើង នៃជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ នៅក្នុងខែតុលា ឆ្នាំមុន ។

កងកម្លាំងអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ចំនួន១៩៣នាក់ និងបង្កឲ្យមានរបួសចំនួន៩២០នាក់ទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ ក្រសួងដដែលបានឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែ ស្ថិតនៅក្រោមគំនរបាក់បែក ដោយសារតែមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងខ្វះអ្នកការពារដល់ជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ ។

វិទ្យុផ្សាយព័ត៌មានសាធារណៈ Hebrew បានរាយការណ៍ថា កងទ័ពអ៊ីស្រាអ៊ែល កំពុងបន្តប្រតិបត្តិការយោធា របស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប រយៈពេល១៤៧ថ្ងៃជាប់ៗគ្នា ដោយបានបន្ថែមថា ពលរដ្ឋប៉ាឡេស្ទីនចំនួន៤៥០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេល១០ថ្ងៃចុងក្រោយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top