អាមេរិក ៖ មហាសេដ្ឋីអចលនទ្រព្យ អាមេរិកលោក Frank McCourt បានលាតត្រដាង កាលពីថ្ងៃពុធថា លោកគ្រោងនឹងបង្កើតសម្ព័ន្ធ ដើម្បីទិញកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ សង្គម របស់ប្រទេសចិន TikTok ដើម្បីធ្វើអាជីវកម្ម នៅសហរដ្ឋអាមេរិក ពីម្ចាស់ចិនរបស់ខ្លួន ។
ការដេញថ្លៃនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយកាលពីខែមេសា ដោយស្វែងរកការបង្ខំ ឲ្យម្ចាស់វេទិកា ByteDance លក់កម្មវិធី ឬប្រឈមនឹងការហាម ឃាត់ទាំងស្រុងក្នុងប្រទេសនេះ ។
ច្បាប់ផ្តល់ឲ្យ ByteDance ២៧០ថ្ងៃ ដើម្បីដកខ្លួនចេញពីអាជីវកម្ម អាមេរិករបស់ខ្លួន ប្រសិនបើវាមិនគោរពតាម TikTok នឹងត្រូវបានហាមឃាត់ ពីហាងកម្មវិធី ដែលបម្រើអតិថិជនអាមេរិក ។ ByteDance កំពុងប្រឈមនឹងច្បាប់ អាមេរិកនៅតុលាការ បាននិយាយថា ខ្លួនគ្មានចេតនាលក់ទ្រព្យ សកម្មនោះទេ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាជិកសភាអាមេរិកមួយចំនួនបានធ្វើការអះអាងទាក់ទងនឹងការរំលោភសន្តិសុខ និងការរំលោភបំពានដោយ TikTok ដែលបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់នេះ។
លោក McCourt ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យគ្រួសារយក្ស McCourt Global និងជាអតីតម្ចាស់ក្រុមកីឡាបេស្បល Los Angeles Dodgers បាននិយាយថា លោកមានគម្រោងទិញ និងបង្កើត TikTok ឡើងវិញជាកំណែអ៊ីនធើណេតថ្មី និងប្រសើរជាងមុន។
McCourt បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមើលឃើញថា ការទិញយកដ៏មានសក្តានុពលនេះ ជាឱកាសដ៏មិនគួរឲ្យជឿ ក្នុងការជំរុញជម្រើសមួយ ទៅនឹងគំរូបច្ចេកវិទ្យាបច្ចុប្បន្ន ដែលបានធ្វើអាណានិគមលើអ៊ីនធើណេត។
យោងតាមអ្នកជំនួញ បានប្រាប់ឲ្យដឹងថា TikTok បង្ហាញអ៊ីនធើណេតល្អបំផុត និងអាក្រក់បំផុត ដោយភ្ជាប់មនុស្សរាប់លាននាក់ និងធ្វើឲ្យពួកគេ មានភាពច្នៃប្រឌិត ។ លោកបានប្រាប់សារព័ត៌មាន Semafor ថា ម្យ៉ាងវិញទៀត ពួកគេមិនអាចចែករម្លែក យ៉ាងពិតប្រាកដក្នុងតម្លៃ ដែលបានបង្កើតនោះទេ ហើយទិន្នន័យ របស់ពួកគេត្រូវបានខ្ចាត់ខ្ចាយ និងត្រូវបានគេលួច និងដឹកជញ្ជូនទៅកាន់ប្រទេសចិន ។
លោក McCourt បាននិយាយថា លោកកំពុងធ្វើការ ជាមួយធនាគារវិនិយោគ Guggenheim Securities ក្រុមហ៊ុនច្បាប់ Kirkland & Ellis និងអ្នកសិក្សានិងអ្នកបច្ចេកទេសមួយចំនួនក្នុងកិច្ច ខិតខំប្រឹងប្រែង ដើម្បីរៀបចំអ្វីដែលលោកបានពិពណ៌នាថា ជាការដេញថ្លៃរបស់ប្រជាជនដើម្បីទិញ TikTok ។ លោកអះអាងថា គោលដៅដើម្បីផ្ទេរកម្មវិធី ចែករម្លែកវីដេអូទៅជាពិធីការប្រភពបើកចំហឌីជីថល ៕
ដោយ៖លី ភីលីព